ប្រធានាធិបតីរុស្ស៊ីសរសើរកងទ័ព នៅក្នុងសុន្ទរកថាឆ្នាំថ្មី
មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កោតសរសើរកងទ័ព នៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំសកលរបស់លោក ដោយលើកហេតុផលថា សង្គមបាន «រួបរួម» នៅពីក្រោយវិមានក្រឹមឡាំង។
Read. លោក ពូទីន បាននិយាយថា «ចិត្តរបស់យើង គឺនៅជាមួយ អស់លោកអ្នកដែលបំពេញកាតព្វកិច្ច ជាជួរមុខនៃការតស៊ូ ដើម្បីការពិត និងយុត្តិធម៌»។
លោក ពូទីន បានអះអាងទៀតថា «ប្រជាជនរុស្ស៊ីយល់ថា ប្រទេសរបស់ពួកគេកំពុងឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រ ដ៏សំខាន់»។
លោកបានប្តេជ្ញាថា «ខ្ញុំនឹងធានាឱ្យមានការអភិវឌ្ឍប្រកបដោយទំនុកចិត្ត នៃមាតុភូមិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋយើង»។
សុន្ទរកថារបស់ លោក ពូទីន នេះ បានកើតឡើង ស្របពេលដែលលោកប្រធានាធិបតីរុស្ស៊ីរូបនេះបានត្រៀមខ្លួនសម្រាប់យុទ្ធនាការបោះឆ្នោត នៅឆ្នាំ២០២៤ ។ កត្តានេះហើយដែលជម្លោះនៅអ៊ុយក្រែនទំនងជានឹងបន្ធូរបន្ថយច្រើន ដោយសារកិច្ចការបោះឆ្នោតត្រូវបានចាត់ទុកជា កិច្ចការអាទិភាព ក្នុងប្រទេសរុស្ស៊ី។
លោក ពូទីន បាននិយាយទៀតថា «យើងបានបង្ហាញម្តងហើយម្តងទៀតថា យើងអាចដោះស្រាយកិច្ចការដ៏លំបាកបំផុត ហើយនឹងមិនថយក្រោយឡើយ ពីព្រោះគ្មានកម្លាំងណា ដែលអាចបំបែកពួកយើងបាន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត