ក្រសួងអប់រំ បានដាក់ឱ្យអនុវត្តស្ដង់ដារសាលាគំរូថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តស្ដង់ដារសាលាមត្តេយ្យសិក្សាគំរូ បឋមសិក្សាគំរូ និងមធ្យមសិក្សាគំរូ ក្នុងគោលដៅអភិវឌ្ឍ និងពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។
សេចក្ដីប្រកាសចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣បញ្ជាក់ថា សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ត្រូវអនុវត្ត «ស្ដង់ដាសាលារៀនគំរូ» ដោយផ្ដោតទៅលើស្ដង់ដាចំនួន ៥ចំណុចរួមមាន៖ លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងចុងក្រោយ ផ្តោតលើគណនេយ្យភាពរបស់សាលារៀន។
ក្រសួងបានបញ្ជាក់ថា ៖ «ការដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ក៏ដូចជាអភិវឌ្ឍសាលាទាំងនោះនៅទូទាំងប្រទេសកម្ពុជាផងដែរ»។
តាមរយៈហ្វេសប៊ុកក្រសួងអប់រំបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជាអនុសាសន៍ដោយបាននូវចេញវិធានការគន្លឹះចំនួន៤ នៅក្នុងការអនុវត្តសាលារៀនគំរូ ដើម្បីជាគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ឯកឧត្តមបន្តថា វិធានការទាំងនោះរួមមាន៖ ការពង្រឹង អភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងរបស់សិស្ស។ «គោលដៅទី៣ គឺការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ហើយនិងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្ថែមទៀតថា ក្រសួងអប់រំ ក៏បានកំណត់អាទិភាពចំនួន៤បន្ថែមទៀត គឺការអប់រំឌីជីថល, ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍការអប់រំកាយនិងកីឡា។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ថា វាជាចំណុចវិជ្ជមានមួយដ៏ល្អ ដែលក្រសួងអប់រំបានរៀបចំដាក់ឱ្យអនុវត្តស្ដង់ដារសាលារៀនគំរូពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដោយសារកន្លងមកប្រព័ន្ធអប់រំនៅកម្ពុជា គឺមិនទាន់មានស្ដង់ដារជាក់លាក់បែបនេះឡើយ ខណៈដែលប្រទេសផ្សេងៗ ក៏មានស្ដង់ដារបែបនេះមួយផងដែរ។
លោកបានបន្តថា ការដាក់អនុវត្តស្ដង់ដារគំរូនេះដែរ ក៏ដើម្បីធានាឱ្យការអប់រំពីកម្រិតមត្តេយ្យទៅដល់មធ្យមសិក្សា ទទួលបានលទ្ធផលល្អ ក្រោមការអនុវត្តដោយថ្នាក់ក្រោមជាតិ។
លោក គង់ សំនៀង បានលើកឡើងដែរថា ចំពោះគុណប្រយោជន៍ដែលសាលាមត្តេយ្យសិក្សាដល់មធ្យមសិក្សា អនុវត្តស្ដង់ដាសាលារៀនគំរូនេះ គឺទាំងគ្រូ ទាំងសហគមន៍ ទាំងសិស្សានុសិស្ស ក៏ដូចជាទាំងគណៈគ្រប់គ្រងសាលារៀន ត្រូវដើរទៅការណែនាំរបស់ក្រសួងដាក់ជូន ដើម្បីឈានឱ្យមានគុណភាពអប់រំតាំងពីថ្នាក់ក្រោមជាតិនេះទៅ៕
ដោយ៖ជា សុខនី