រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំជាម្ចាស់ផ្ទះនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីនឆ្នាំ២០២៤
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដើម្បីដឹកនាំសម្របសម្រួល ភារកិច្ចតាមសមត្ថកិច្ចក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានសម្រេចជោគជ័យ ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឆ្នាំ២០២៤នេះ។
ការបង្កើតនេះ ធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាប្រធានគណៈកម្មការ ដែលមានសមាជិកសរុប ២៤ រូប ពីបណ្តាក្រសួងស្ថាប័នសំខាន់ៗមួយចំនួន។
គណៈកម្មការនេះមានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួល និងបែងចែកភារកិច្ចការងារតាមសមត្ថកិច្ចក្រសួងស្ថាប័ន ពាក់ព័ន្ធដំណើរការរៀបចំ និងប្រព្រឹត្តទៅនូវកិច្ចប្រជុំដែលក្នុងនោះមាន ការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្តាប់ធ្នាប់។
សេចក្តីសម្រេចបានបញ្ជាក់ថា ៖ «គណៈកម្មការនេះ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូននាយករដ្ឋមន្ត្រីតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី និងបំពេញភារកិច្ចផ្សេងៗទៀតទៅតាមការប្រគល់ជូនរបស់រដ្ឋាភិបាល»។
គណៈកម្មការនេះ មានទីតាំងនៅអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហើយមានសិទ្ធិប្រើប្រាស់ត្រារបស់អាជ្ញាធរនេះដើម្បីដំណើរការងាររបស់ខ្លួន ព្រមទាំងអាចមានសិទ្ធិប្រើប្រាស់ថវិការបស់រដ្ឋាភិបាល និងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀតដើម្បីដំណើរការងាររបស់ខ្លួនផងងដែរ ដោយមានសិទ្ធិរកដៃគូអភិវឌ្ឍន៍នានា ឬផ្នែកឯកជន ដើម្បីចូលរួមសហការ។
សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាគ្រោងដាក់ចេញនូវការងារអាទិភាពចំនួន៣ ក្នុងកិច្ចប្រជុំ ក្នុងនោះរួមមាន៖ ទី១ ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា។ លោកបន្តថា ទី២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និងទី៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ទាក់ទងនឹងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤នេះដែរ លោក លី ធុជ បានលើកឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ថា កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេ និងត្រូវបានគេចាត់ទុកជាប្រទេសគំរូនៅលើពិភពលោក សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយជោគជ័យលើវិស័យសកម្មភាពមីន។
សម្ដេចធិបតីបានរំលេចឱ្យដឹងដែរថា ក្នុងខែវិច្ឆិកាកន្លងទៅនេះ កម្ពុជាទទួលបាននូវកិត្តិយស និងការវាយតម្លៃខ្ពស់ពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឆ្នាំ២០២៤។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការធ្វើជាម្ចាស់ផ្ទះនេះ បង្ហាញពីការវិវត្តខ្លួនរបស់កម្ពុជាដែលធ្លាប់ជាប្រទេសរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រែក្លាយជាប្រទេសដែលមានសមត្ថភាពសម្អាតមីន ទាំងក្នុងប្រទេសខ្លួនឯង និងរួមចំណែកសម្អាតមីននៅបណ្តាប្រទេសនានាផ្សេងទៀតក្នុងពិភពលោក។
លោកបន្តថា កម្ពុជាចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាអូតាវ៉ាពាក់ព័ន្ធការហាមប្រាម ការផលិត ការចរាចរណ៍ ការរក្សាទុកមីន ជាដើម ដែលចង់ឃើញពិភពលោកដែលគ្មានមីន។
បណ្ឌិត គិន ភា បានថ្លែងថា ៖ «វាបង្ហាញពីសមត្ថភាពរបស់កម្ពុជាដែលអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃរដ្ឋភាគីអនុសញ្ញាក្រុងអូតាវ៉ា ដែលរំលេចសំខាន់នូវសមត្ថភាព ទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងសមត្ថភាពផ្សេងៗ។ ភាពជាម្ចាស់ផ្ទះរបស់កម្ពុជាជាផ្នែកមួយសំខាន់ដែលអាចផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក»។
លោកបានបន្ថែមថា កម្ពុជាគួរត្រៀមខ្លួនឱ្យបានល្អចំពោះកិច្ចប្រជុំកំពូលនៅឆ្នាំក្រោយនេះ ទៅលើផ្នែកការងារ ខ្លឹមសារ ការងារឯកសារ ការងារពិធីការ ការងារសន្តិសុខ បដិសណ្ឋារកិច្ច ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋក៏ជាការចូលរួមចំណែកសំខាន់ដើម្បីញ៉ាំងកម្មវិធីប្រព្រឹត្តទៅបានជោគជ័យ និងដើម្បីលើកមុខមាត់ប្រទេសកម្ពុជា។
សូមរម្លឹកដែរថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរៀងរាល់ ៥ឆ្នាំម្តង ដែលលើកទី១ ធ្វើឡើងនៅប្រទេសកេនយ៉ា នៅឆ្នាំ២០០៤ លើកទី២ ធ្វើនៅប្រទេសកូឡុំប៊ី នៅឆ្នាំ២០០៩ លើកទី៣ នៅប្រទេសម៉ូសំប៊ិក នៅឆ្នាំ២០១៤ លើកទី៤ ធ្វើនៅប្រទេសន័រវេស នៅឆ្នាំ២០១៩ និងលើកទី៥ ធ្វើឡើងនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ៖សំបាន ច័ន្ទដារ៉ា