ចិន​ ហៅបេក្ខភាព​ជួរមុខ​ប្រធានាធិបតី​តៃវ៉ាន់ថ្មី ​ថា​ជា​អ្នក​បំផ្លាញ​សន្តិភាព

ប៉េកាំង៖ រដ្ឋាភិបាលប្រទេសចិនបានហៅបេក្ខភាពជួរមុខសម្រាប់តំណែងប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ថា ជាអ្នកប្រឆាំងនិងជាអ្នកបំផ្លាញសន្តិភាព បន្ទាប់ពីលោក​បាននិយាយនា​ការជជែកដេញ​ដោល​ប្រធានាធិបតី ​ថាអធិ​​បតេយ្យភាព និងឯករាជ្យរបស់កោះនេះជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។​

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤​កំ​ពុ​ងតែកើតឡើងចំពេលដែលទំនាក់ទំនងកំពុងអាក្រក់រវាងទីក្រុងប៉េកាំង និងតៃប៉ិ។ ប្រទេស​ចិន​បាន​និង​កំពុ​ង​​បង្កើន​សម្ពាធ​យោធា​ដើម្បី​អះអាង​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន​ជុំវិញ​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​តៃវ៉ាន់។​

ប្រទេសចិនបានតាមដានពិសេសចំពោះអនុប្រធានាធិបតីបច្ចុប្បន្នលោក Lai Ching-te ដែលជាបេក្ខភាពប្រ​ធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ (DPP) និងនាំមុខក្នុងការស្ទង់មតិ ដោយលើកឡើងថាលោកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។​

ឆ្លើយតប ចំពោះការអត្ថាធិប្បាយរបស់លោក Lai កាលពីយប់ថ្ងៃទី ៣០ ខែធ្នូ នៅឯការជជែក​ដេញដោល​របស់ប្រធានាធិបតី​តាមកញ្ចក់ទូរទស្សន៍​ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា លោក Lai បានលាតត្រដាងមុខមាត់ពិតរបស់គាត់ថាជា «មនុស្សរឹងរូសដើម្បីឯករាជ្យភាពតៃវ៉ាន់ និងជាអ្នកបំផ្លាញសន្តិភាពរបស់តៃវ៉ាន់»។​

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោក Chen Binhua បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ពាក្យរបស់គាត់គឺពោរពេញដោយគំនិតប្រឆាំង»។​

លោក Chen ធ្លាប់បាននិយាយតាំងពីឆ្នាំ២០១៦ នៅពេលដែលប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Tsai Ing-wen ចូលកាន់តំណែងថា រដ្ឋាភិបាលដឹកនាំដោយ DPP បានជំរុញឱ្យមានការបំបែកខ្លួន ជាមេឧក្រិ​ដ្ឋ​កម្ម និងធ្វើឱ្យខូចផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។​​

មិនខុសពីគូរប្រជែងដ៏សំខាន់របស់លោក Lai នៅក្នុងការបោះឆ្នោតគឺលោក Hou Yu-ih មកពី​គណបក្សប្រ​ឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់គឺ Kuomintang (KMT) គណបក្ស DPP ក៏និយាយស្រដៀងគ្នា​ដូច្នេះថា មា​នតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។​

ទោះយ៉ាងណាក្តី ជាធម្មតាគណបក្ស KMT ត្រូវបានគេយល់ថាមាន​ទំនាក់ទំនង​ជិតស្និទ្ធជា​មួយប្រទេសចិនខ្លាំង បើទោះពួកគេបដិសេធយ៉ាងដាច់អហង្ការថា មិនមានគាំទ្រទីក្រុងប៉េកាំងក៏ដោយ៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ China calls Taiwan president frontrunner a destroyer of peace

https://www.straitstimes.com/asia/china-calls-taiwan-president-frontrunner-a-destroyer-of-peace

ads banner