នៅថ្ងៃចូលឆ្នាំសកល! លោក គីម ប្រាប់កងទ័ពឱ្យ «បំផ្លាញ» កូរ៉េខាងត្បូងនិងអាមេរិក បើពួកគេផ្តួចផ្តើមជម្លោះ

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់មន្ត្រីយោធាកំពូលរបស់លោក ឱ្យប្រើកម្លាំងជាអតិបរមាប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើជាពួកគេផ្តួចផ្តើម ឲ្យមានការប្រឈមមុខដាក់គ្នា ខាងយោធា។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយជាមួយមេទ័ពសំខាន់ៗរបស់កូរ៉េខាងជើង នៅក្នុងទីក្រុងព្យុងយ៉ាង អំឡុងថ្ងៃចូលឆ្នាំសកល លោក Kim Jong Un បាននិយាយថា យោធារបស់លោកនឹងធ្វើការ «បំផ្លាញ» សត្រូវ ប្រសិនបើជាមានការបង្កហេតុណាមួយ។

លោក Kim បាននិយាយទៀតថា «ប្រសិនបើសត្រូវជ្រើសរើសយកការប្រឈមមុខដាក់គ្នាខាងយោធា និងការបង្កហេតុប្រឆាំងនឹងកូរ៉េខាងជើង កងទ័ពរបស់យើងគួរតែដោះស្រាយនូវការវាយប្រហារដ៏សាហាវ ដើម្បីបំផ្លាញពួកគេឱ្យបានហ្មត់ចត់។ ត្រូវប្រមូលគ្រប់មធ្យោបាយ និងដ៏មានសក្តានុពលបំផុត ដោយមិនស្ទាក់ស្ទើរ»។

លោក Kim ថែមទាំងបានគំរាមពីការវាយប្រហារនុយក្លេអ៊ែរ លើទីក្រុងសេអ៊ូល ហើយបញ្ជាឱ្យសាងសង់ឃ្លាំងអាវុធយោធា ដើម្បីរៀបចំសម្រាប់ធ្វើសង្រ្គាមទៀតផង។ លោកបញ្ជាក់ថា សង្គ្រាមអាច «ផ្ទុះនៅពេលណាក៏បាន» នៅលើឧបទ្វីប។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ដើម្បីកំណត់របៀបវារៈគោលនយោបាយ សម្រាប់ឆ្នាំ ២០២៤ នាពេលនោះដែរ មេដឹកនាំកូរ៉េខាងជើងរូបនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្ក «ទម្រង់នៃការគំរាមកំហែងផ្នែកយោធាផ្សេងៗគ្នា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner