ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប
(សៀមរាប)៖ នៅថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីចំនួន ៣ទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប ដែលធ្វើឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក្នុងខេត្តសៀមរាប កាន់តែសប្បាយរីករាយ និងមានការកម្សាន្តប្រកបដោយភាពសំបូរបែប។ បន្ទាប់ពីព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ចប់យ៉ាងសប្បាយរីករាយកាលពីពេលកន្លងទៅ។ ដូចគ្នាដែរ សម្រាប់ពិធិបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប ក៏មានការរៀបចំសោភណ្ឌភាព តុបតែងលម្អទីក្រុង រួមជាមួយការធ្វើអនាម័យ ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅទូទាំងខេត្តមានភាពល្អប្រសើរ ដែលជាភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រកបដោយភាពសប្បាយរីករាយ ។ ទាំងអស់នេះ បានបង្ហាញពីការរៀបចំខ្លួន ស្របតាមការដាក់ចេញនូវកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា។ ទន្ទឹមនោះ តំបន់រមណីយដ្ឋានក្នុងខេត្ត ទាំងទេសចរណ៍ប្រាសាទបុរាណ និងក្រៅពីប្រាសាទ កាន់តែមានភាពសំបូរបែប ដែលផ្ដល់នូវអារម្មណ៍ប្លែកដល់អ្នកទេសចរសម្រាប់ឆ្នាំ២០២៤ ។ ក្នុងនោះកន្លែងទេសចរណ៍កែច្នៃ ដែលមានភាពទាក់ទាញ ដល់ភ្ញៀវទេសចររួមមាន សួនបៃតងអង្គរ អតីតភូមិវប្បធម៌កម្ពុជា និងសួនទឹក ជិះក្ដារបណ្ដែតទឹក វេគ ផាក (Wake Park) ស្ថិតក្នុងក្រុងសៀមរាប មជ្ឈមណ្ឌលវារីវប្បកម្មត្រីទឹកសាប ទឹកប្រៃ (Angkor Wildlife & Aquarium) និង អង្គរវ័នដឺរ ហ្គាឌិន (Angkor Wonder Garden) ស្ថិតក្នុងស្រុកសូត្រនិគម សហគមន៍បឹងឈូក ស្ថិតក្នុងស្រុកបន្ទាយស្រី ស្ពានពស់អូរមានជ័យ ស្ថិតក្នុងស្រុកស្វាយលើជាដើម ៕ ដោយ ស៊ាន សុផាត







