ប្រធានាធិបតីកុងហ្គោ លោក Tshisekedi ជាប់ឆ្នោតអាណត្តិទីពីរ ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី
គីនស្សាសា៖ ប្រធានាធិបតីប្រទេសកុងហ្គោ លោក Felix Tshisekedi បានឈ្នះការបោះឆ្នោត អាណត្តិទីពីរ ជាមួយនឹងជ័យជម្នះភ្លូកទឹកភ្លូកដី នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាស កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍។
Read. យ៉ាងណាមិញ សម្រាប់ការបោះឆ្នោតនេះ ត្រូវបានក្រុមមេដឹកនាំបក្សប្រឆាំងច្រានចោល ដោយបានអះអាងថាជា «ការបោកប្រាស់»។
លទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការបោះឆ្នោតរបស់ប្រទេស កុងហ្គោ បង្ហាញថា លោក Tshisekedi បានឈ្នះសម្លេងគាំទ្រ ចំនួន៧៣ភាគរយ នៅក្នុងការបោះឆ្នោតនេះ។ ចំនួនអ្នកចូលរួមបោះឆ្នោត មានចំនួន ៤៣ភាគរយ។
លោក Tshisekedi បានប្រាប់អ្នកគាំទ្ររបស់លោកថា «ខ្ញុំបានជាប់ឆ្នោតជាប្រធានាធិបតី សម្រាប់ប្រជាជនកុងហ្គោទាំងអស់គ្នា»។
ក្រុមបក្សប្រឆាំងធំៗ កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដោយច្រានចោលនូវអ្វីដែលពួកគេហៅថា «ការបោះឆ្នោតបោកប្រាស់» ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ។
មេបក្សប្រឆាំងមួយរូប លោក Fayulu បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងរដ្ឋធានី Kinshasa ថា លទ្ធផល «គឺជាការក្លែងបន្លំ ហើយលទ្ធផលនេះ មិនត្រូវទទួលយកឡើយ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត