មន្រ្តីជាន់ខ្ពស់កសិកម្ម៖ រយៈពេលជាង ១១ខែ មន្រ្តីកសិកម្មឃុំផ្តល់សេវាកសិកម្មជូនកសិករបានចំនួន ៨ពាន់គ្រួសារនៅខេត្តកំពង់ចាម
ភ្នំពេញ៖ បណ្ឌិត យ៉ងសាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា នៅក្នុងរយៈពេលប្រមាណ១១ខែមកនេះ ការអនុវត្តសាកល្បងកម្មវិធីមន្រ្តីកសិកម្មឃុំនៅទូទាំង១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានផ្តល់សេវាកម្មជូនកសិករបានចំនួន ៨,១៣០ គ្រួសារ ឬស្មើនឹងប្រមាណ ៣៥ ភាគរយនៃចំនួនគ្រួសារកសិកម្មសរុបក្នុងស្រុក។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ទៀតថា កាលពីថ្ងៃទី២៨ ខែធ្នូ លោកបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនិងមេរៀន ទទួលបានពីការអនុវត្តសាកល្បងកម្មវិធីមន្រ្តីកសិកម្មឃុំនៅទូទាំង១០ឃុំក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ចាប់ពីខែកុម្ភ: ដល់ខែធ្នូ ២០២៣ ដោយមានការចូលរួមពីកសិករនិងអជ្ញាធរមូលដ្ឋាន ដែលបានវាយតម្លៃខ្ពស់លើវត្តមានរបស់មន្រ្តីកសិកម្មឃុំ និងគាំទ្រឱ្យមានមន្រ្តីកសិកម្មឃុំបន្តការងារយូរអង្វែងនៅមូលដ្ឋានរបស់គាត់។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«តាមរយៈបទពិសោធន៍នៅស្រុកជើងព្រៃជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កម្មវិធីដាក់ពង្រាយមន្រ្តីកសិកម្មនៅគ្រប់ឃុំសង្កាត់ដែលមានសក្តានុពលកសិកម្មនៅទូទាំងប្រទេសដើម្បីធ្វើការបម្រើកសិករប្រកបដោយប្រសិទ្ធភាពខ្ពស់»។ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ បានបិទបញ្ចប់ និងបានប្រកាសលទ្ធផលជាផ្លូវការ ហើយ ក្រោយជាប់ជាស្ថាពរ មន្ដ្រីទាំង២៥០រូបនឹងត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែម ពោលគឺត្រូវរៀនផងនិងធ្វើការផងក្នុងឆ្នាំដំបូង។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«អំឡុងពេលមួយឆ្នាំនេះប្រសិនបើពួកគេអសមត្ថភាពធ្វើការមិនកើត នោះនឹងត្រូវបញ្ចប់កិច្ចសន្យាឬដកចេញវិញ ប៉ុន្ដែបើមានសមត្ថភាព មានសីលធម៌ការងារ មានអត្ដចរិតល្អ ក្រោយចប់មួយឆ្នាំអាចនឹងចូលក្របខ័ណ្ឌតែម្ដង»។
បើតាមបណ្ឌិត យ៉ងសាំង កុមារ មន្រ្តីកសិកម្មឃុំ ដែលទើបប្រឡងជាប់ ក្រោយរៀបចំបែបបទ ឯកសារជាមួយក្រសួងមុខងារសារធារណៈរួចហើយ មន្រ្តីទាំងអស់ នឹងទទួលបានការបណ្តុះនៅក្នុងខែកុម្ភៈ ពោលគឺនៅក្នុងរយៈពេលមួយខែពេញ មុននឹងចេញទៅតាមឃុំ ដើម្បីអនុវត្តការងាររៀងៗខ្លួន។
សូមជម្រាបថា រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន ១ ៦០០ នាក់ ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់ នៅគ្រប់ភូមិ ឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។
ក្រសួងកសិកម្មរំពឹងថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ ១ ៦០០ នាក់ នៅទូទាំងប្រទេសនេះនឹងមានប្រសិទ្ធភាព ហើយឆ្លើយតបនឹងសេចក្តីត្រូវការ របស់កសិករនៅទូទាំងប្រទេស ជាពិសេសទាក់ទងនឹងបច្ចេកទេស, ហិរញ្ញវត្ថុនិងការប្រែប្រួលអាកាសធាតុ៕
ដោយ៖ វណ្ណ សុជាតា