ខេត្តកែប ទទួលបានភ្ញៀវទេសចរណ៍ ៩៩,៨៥៦នាក់ បានមកស្នាក់ និងលេងកំសាន្ត នៅក្នុង ក្នុងឱកាសឈប់សម្រាកថ្ងៃឆ្លងឆ្នាំសកល ២០២៣-២០២៤

ខេត្តកែប៖ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរ ខេត្តកែប បានឱ្យដឹងថា ៖ ភ្ញៀវទេសចរ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកែប ក្នុងឱកាស ឆ្លងឆ្នាំសកល ២០២៣-២០២៤នេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន សរុប៩៩,៨៥៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ៩៨,៥១៨នាក់ ភ្ញៀវ អន្តរ:ជាតិមាន ១៣៣៨ នាក់ ។

ដើម្បីបង្កើននូវភាពសប្បាយរីករាយ ដល់ភ្ញៀវទេសចរ ជាតិនិងអន្តរ:ជាតិ មកលេងកម្សាន្តនៅខេត្តកែប ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣ ឈានចូល ឆ្នាំ២០២៤និងអបអរសាទរខួបលើកទី៤៥នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា(៧មករា១៩៧៩-៧មករា២០២៤ រដ្ឋបាលខេត្តកែប បានបង្កើតឱ្យមាន កម្មវិធីជាច្រើន ក្នុងនោះមានដូចជា ពិធីបង្ហើរខ្លែងខ្មែរ និងពិធីអុំទូកផ្កាចារសមុទ្រ ប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម ។ ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលភ្លៀវទេសចរ ទាំងជាតិ-អន្ដរជាតិ មកលេងកំសាន្ត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាស៍ លើកឡើងថា ៖ ការប្រណាំងទូកផ្កាចារសមុទ្រនេះ ធ្វើឡើងដើម្បីបង្កើនភាពសប្បាយរីករាយដល់ភ្ញៀវទេសចរណ៍ មកលេងកំសាន្តផង និងដើម្បីបំផុសការចូលរួមថែរក្សាប្រពៃណី វប្បធម៌ និងជាទំនៀមទម្លាប់របស់ជាតិយើងផង ហើយមិនត្រិមតែ ប៉ុណ្ណោះទេ គឺជាការរំឭកនឹកដល់គុណសមុទ្រ និងបុព្វបុរសខ្មែរយើងផងដែរ ។

ខេត្តជាប់មាត់សមុទ្រ គឺជាគោលដៅ នៃការសម្រាកឆ្លងឆ្នាំដ៏មានអត្ថន័យ របស់ប្រជាជន ក្នុងពិភពលោក ក្នុងនោះខេត្តកែប សម្បូរដោយឆ្នេរសមុទ្រច្រើនកន្លែង ដែលសុទ្ធសឹងជាគោលដៅខ្ពស់ក្នុងការសម្រាកកម្សាន្ត នាពិធីបុណ្យឆ្លងឆ្នាំសកល ក្រៅពីឆ្នេរសមុទ្រ ខេត្តកែប ក៏នៅមានកន្លែងកម្សាន្ដជាច្រើនទៀតដូចជាកន្លែង កសិទេសចរណ៍តំបន់ភ្នំវល្លិ៍ ដែលមានចម្ការម្រេច ទីលានប្រណាំងសេះជាដើម ៕

ដោយ ៖ សិលា សារិន

ads banner