កូរ៉េ​​ខាង​ជើង​​ នឹង​​បាញ់​​បង្ហោះ​​ផ្កាយ​រណប​​ចារកម្ម​​​៣​​ទៀត​ ​នៅ​​ឆ្នាំ​​២០២៤​

​​ព្យុងយ៉ាង៖ ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ KCNA បាន​រាយការណ៍​​នៅ​ថ្ងៃ​អាទិត្យ​​ ទី​៣១ ខែ​ធ្នូ​ នេះ​ថា​ ប្រទេស​កូរ៉េ​ខា​ង​ជើង​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ចំនួន​​៣​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២៤​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​កម្លាំង​យោធា​របស់​ខ្លួន​។​

​KCNA ផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ភារកិច្ច​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​​​បន្ថែម​ចំនួន​ ៣​ នៅ​ឆ្នាំ​ ២០​២​៤​ ត្រូវ​បាន​ប្រកាស​» ជា​ការ​សម្រេច​ចិត្ត​គោល​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​ឯ​កិច្ច​ប្រជុំ​បក្ស​​​​ចុង​ឆ្នាំ​​រយៈ​ពេល​៥​ថ្ងៃ​ ​​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ចូល​រួម​ដោយ​លោក​ប្រធានាធិបតី​ គីម​ ជុង​អ៊ុន​។ ​

សូម​​បញ្ជាក់​ថា​ ការ​ប្រកាស​ស្ដី​ពី​ផែនការ​បង្ហោះ​ផ្កាយរណប​ចារកម្ម​បន្ថែម​នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​កូរ៉េខា​ង​ជើង​​​ជោគ​ជ័យ​ក្នុង​ការបាញ់​​បង្ហោះ​​ផ្កាយ​រណប​​ចារកម្ម​មួយ​ចូល​ទៅ​ក្នុង​គន្លង​តារា​វិថី​កាល​ពី​ខែ​មុន​ ហើ​យ​​អះ​អាង​ចាប់​តាំង​ពី​ពេល​នោះ​មក​ថា​ ​ផ្កាយ​រណប​នោះ​ចាប់​បាន​​រូបភាព​នៃ​ទីតាំង​យោធា​សំខាន់​ៗ​របស់​ស​ហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​។

​​វឌ្ឍនភាព​ចុង​ក្រោយ​​​នេះ​​កើត​ឡើង​​ក្នុង​​ឆ្នាំ​ជាមួយ​គ្នា​ ដែល​គេ​មើល​ឃើញ​ថា​ ​​កូរ៉េខាង​ជើង​បាញ់​សាក​ល្បង​អាវុធ​ផ្សេង​ៗ​រួម​ទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប ដល់​​កំណត់​ត្រា​ថ្មី​ ដោយ​​ទម្លាក់​កំហុស​ទៅ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​សហរដ្ឋ​អាមេរិក​។​

ជា​ថ្មី​ម្ដង​ទៀត​ លោក​ គីម​​ បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​ចុង​ឆ្នាំ​ថា​​ ៖ «ស​ហរដ្ឋ​អាមេរិក​ ដែល​បាន​បង្ក​អស្ថិរភាព​នយោបាយ​ជា​យូរ​មក​ហើយ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ នៅ​តែ​បន្ត​បង្ក​ការ​គម្រាម​កំហែង​ផ្នែក​យោធា​ជា​ច្រើន​មុខ​​ដ​ល់​​ប្រទេស​របស់​យើង​ ទោះ​បី​ជា​ឆ្នាំ​(២០២៣​) ជិត​បញ្ចប់​ទៅ​ហើយ​ក្ដី​»។ ​

គួរ​​​សម្គាល់​ថា​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​រួម​មាន​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​ ​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិនៅ​ឆ្នាំ​នេះ​​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដោយ​​មីស៊ីល​ និង​​នុយក្លេអ៊ែរ​ពី​​កូរ៉េខាង​ជើង​ ​ហើយ​ថ្មី​ៗ​នេះ​បាន​បង្កើត​​​ប្រព័ន្ធ​​មួយ​​ដើម្បី​ចែក​រំលែក​ទិន្នន័យ​​តាម​ពេល​វេលា​ជាក់​ស្តែ​ងជាមួយ​គ្នា​ ​លើ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​​។
​កាល​ពី​ដើម​ខែ​ធ្នូ​ ​សហរដ្ឋ​អាមេរិក​បាន​រំកិល​ខ្លួន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមព​ល​នុយក្លេអ៊ែរ​​របស់​ខ្លួន​ទៅ​​ដល់​​​ក្រុង​កំពង់ផែ​ប៊ូសាន​របស់​កូរ៉េ​ខាង​ត្បូង​ ហើយ​​​​បាន​ប្រើ​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​ក្នុង​សម​យុទ្ធ​ជាមួយកូរ៉េខាង​ត្បូង​ និង​ជប៉ុន​ ទៀត​ផង​។

កន្លង​មក​ ​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​ពណ៌នា​សកម្ម​ភាព​យោធា​​ និង​ការ​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​របស់​​អាមេរិក​ ដូច​ជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 ​នៅ​ក្នុង​សមយុទ្ធ​រួម​គ្នា​​នៅ​ក្នុង​តំបន់​ថា​ជា​ «​ចលនា​បង្ក​ហេតុ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​»​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ North Korea to launch three more spy satellites in 2024  https://www.channelnewsasia.com/asia/north-korea-launch-three-more-spy-satellites-2024-report-4018326

ads banner