ជនចំណាកស្រុកជិត ៣ម៉ឺននាក់ផ្សងគ្រោះថ្នាក់ ធ្វើដំណើរតាមសមុទ្រទៅអង់គ្លេសក្នុងឆ្នាំ២០២៣
ឡុងដ៍៖ ការធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បានក្លាយជារឿងឈឺក្បាលផ្នែកនយោបាយ សម្រាប់រដ្ឋាភិបាលអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់។
ជនចំណាកស្រុកជិត ៣០,០០០នាក់ ធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់តាមទូកតូចៗ ឆ្លងកាត់ពីអឺរ៉ុបមកកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ ខណៈតួលេខនេះជាការធ្លាក់ចុះប្រចាំឆ្នាំជាងមួយភាគបី នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ។
ឆ្លើយតបនឹងស្ថិតិនេះ ការិយាល័យ Downing Street របស់នាយករដ្ឋមន្រ្តីអង់គ្លេស បានចង្អុលបង្ហាញពីការថយចុះចំនួន ៣៦ភាគរយ នៃការមកដល់ នៃក្រុមជនភៀសខ្លួនតាមទូកតូចៗកាលពីឆ្នាំ២០២២ ដែលមានដល់ទៅ ៤៥,០០០នាក់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានប្តេជ្ញាកាលពីឆ្នាំមុនថា នឹងបញ្ឈប់ការធ្វើចំណាកស្រុកតាមទូក។

ប៉ុន្តែកាលពីខែមុន លោក ស៊ូណាក់ បាននិយាយថា មិនមានកាលបរិច្ឆេទច្បាស់លាស់ សម្រាប់បំពេញតាមការសន្យារបស់គាត់ទេ។ លោក ស៊ូណាក់ បានគូសបញ្ជាក់ថា ខ្ញុំប្តេជ្ញាបញ្ចប់បន្ទុកនៃការធ្វើចំណាកស្រុកខុសច្បាប់មកលើប្រជាជនអង់គ្លេស។
លោកបន្ថែមថា នោះហើយជាមូលហេតុ ដែលយើងចាត់វិធានការបញ្ឈប់ការធ្វើចំណាកស្រុកតាមទូក, ផ្តល់សណ្ឋាគារសម្រាប់ដាក់ជនចំណាកស្រុក ត្រឡប់ទៅសហគមន៍មូលដ្ឋានវិញ និងហាមឃាត់អ្នកដែលចង់មកអង់គ្លេសដោយខុសច្បាប់។
បើតាមការិយាល័យ Downing Street, អង់គ្លេសបាននិរទេសជនចំណាកស្រុកជាង ២៤,០០០នាក់ និងចាប់ខ្លួនមនុស្ស ២៤៦នាក់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សខុសច្បាប់នៅឆ្នាំ២០២៣៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា