លោកជំទាវ ពោធិតី សាវត្ថី៖ ការសម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យកាលពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន និងសូមគាំទ្រចំពោះការសម្រេចដ៏ត្រឹមត្រូវនេះ ហើយប្តេជ្ញាមិនឱ្យក្រុមជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសមកបំផ្លាញសន្តិភាពបានឡើយ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២ ខែមករានេះថា គណបក្សធម្មាធិបតេយ្យបានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីបានចេញអនុក្រឹត្យ ដោយបានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន ពីព្រោះកម្ពុជាជាប្រទេសរងនៅសោកនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយភ្លើងសង្គ្រាមកន្លងមក។ បន្ទាប់មកផ្តើមពីនយោបាយឈ្នះឈ្នះដែលមានសម្តេចតេជោហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៏ឯកបានធ្វើឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាមទទួលបានសុខសន្តិភាព និងឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នេះជាបុព្វហេតុដ៏ធំធេងនាំមកឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិ ឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល រហូតមកដល់បច្ចុប្បន្ននេះ ក្នុងការរស់នៅដោយគ្មានការភ័យខ្លាច។
លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា ដើម្បីជំរុញការអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំគណបក្សធម្មាធិបតេយ្យ សូមចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោនាយ សំដៅធានាឱ្យភាពសុខសាន្ត និងការអភិវឌ្ឍន៍ប្រទេសបានយូរអង្វែង ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយសម្ព័ន្ធភាពនយោបាយ និងប្តេជ្ញាមិនឱ្យក្រុមជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសមកបំផ្លាញសន្តិភាពបានឡើយ ហើយក៏សូមគាំទ្រចំពោះគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា” ដែលការសម្រេចនេះជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិទាំងស្រុង៕
ដោយ៖ពលជ័យ