ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ក្នុងជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ
ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ហើយ ក្រោយដំណើរប្រកួតរយៈពេល ៤ថ្ងៃកាលពីចុង ខែធ្នូ ឆ្នាំ៣០២៣ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមកីឡាប្រដាល់សកលក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ទៅឈរលេខ៤ វិញ ។
ឯកឧត្តម ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កសលកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានកីឡាករ-កីឡាការិនី ១១៣នាក់ មកពី ២០សមាគម/ក្លិបចូលរួមប្រកួត លើវិញ្ញាសាចំនួន ៨ ហើយកីឡាករ-កីឡាការិនីទាំងអស់ បានប្រកួតដោយស្មារតីយកចិត្ដទុកដាក់ និងខំប្រឹងអស់ពីសមត្ថភាព បច្ចេកទេស និងគោរពនូវបទបញ្ជាប្រកួតយ៉ាងខ្ជាប់ខ្ជួន ដែលជំរុញឲ្យការប្រកួតប្រព្រឹត្តទៅដោយជោគជ័យ ។
លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីដែលខំប្រឹងប្រកួតអស់ពីសមត្ថភាព និងដណ្តើមបានជ័យលាភី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ។
លោកប្រធានក៏បានជំរុញឲ្យកីឡាករ-កីឡាការិនី ទោះដណ្ដើមបានជ័យលាភី ឬពុំទទួលបានមេដាយត្រូវបន្ដការខំប្រឹងហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពជំនាញកម្រិតខ្ពស់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ។
ជាលទ្ធផលបច្ចេកទេសក្លិបក្រសួងការពារជាតិ ដែលឈរលេខ៦ កាលពីឆ្នាំមុន បានឡើងមកឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១) គ្រាដែលក្លិបបញ្ជាការដ្ឋានកាំភ្លើងធំ ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ១) និងក្លិបវិបុលដារិទ្ធ ខណ្ឌពោធិ៍សែនជ័យ ឈរលេខ៣ ឈ្នះមេដាយសរុប ២គ្រឿង (មាស ១ និងប្រាក់ ១)។ រីឯក្រសួងមហាផ្ទៃ ដែលឈ្នះមេដាយច្រើនជាងគេ កាលពីឆ្នាំមុន បានធ្លាក់មកឈរលេខ៤ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២) និងក្លិប សរ សីកីឡា ឈរលេខ៥ ឈ្នះមេដាយមាស ១ ៕
ដោយ ៖ ជាវ ចន្ធូ







