កម្មករ និយោជិត នឹងទទួលបានប្រាក់ឈ្នួលគោល ២០៤ដុល្លារ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២៤នេះទៅ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ដល់បងប្អូនកម្មករ កម្មការិនី និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ ។

សូមជម្រាបថា បើតាមក្រសួងការងារ ចាប់ពីឆ្នាំ២០២៤ នេះតទៅ កម្មករ កម្មការិនីទាំងអស់ នឹងទទួលបាន ប្រាក់ឈ្នួលគោល ២០៤ដុល្លារ ក្នុងមួយខែ តាមសេចក្តីសម្រេចរបស់ សម្តេចនាយករដ្ឋមន្ត្រី ដែលបានបន្ថែមចំនួន ២ដុល្លារ លើទឹកប្រាក់ ២០២ដុល្លារ ដែលសម្រេចដោយក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បរមា ដែលបោះឆ្នោតជ្រើសរើសបន្ថែម ២ដុល្លារលើប្រាក់ខែគោលចំនួន ២០០ដុល្លារ នៅឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារ ក្នុង១ខែ ដែលក្នុងចំនួននេះ
សម្តេចនាយករដ្ឋមន្ត្រី ប្រកាសបន្ថែម ២ដុល្លារ។

ក្រៅពីប្រាក់ឈ្នួលគោល ២០៤ដុល្លារហើយនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារ បន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេល ដោយឥតគិតថ្លៃ, និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ (ពីររយ ម្ភៃមួយ) ដុល្លារអាមេរិក ដល់ ២៣២ (ពីររយសាមសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តខិតខំសហការគ្នា ដើម្បីកាត់បន្ថយ បន្ទុកចំណាយនានា របស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner