និសិត្សចិនត្រូវចាប់ជំរិតទារប្រាក់ ៨ម៉ឺនដុល្លារនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប៉ូលីសនិយាយថា និស្សិតជនជាតិចិនម្នាក់ដែលធ្លាក់ខ្លួនជាជនរងគ្រោះ នៃការឆបោកតាមអ៊ីនធើណិត ដើម្បីដោះដូរនឹងប្រាក់ ៨០,០០០ដុល្លារពីឪពុកម្តាយនោះ ពេលនេះអាជ្ញាធររកឃើញគេហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពភ័យខ្លាចក្នុងតង់មួយ នៅឯវាលរហោស្ថាននៃរដ្ឋយូថាហ៍។

និសិ្សតជនជាតិចិនឈ្មោះ កៃ ហ្ស័ង (Kai Zhuang) អាយុ ១៧ឆ្នាំ បានបាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីឪពុកម្តាយរបស់គាត់នៅក្នុងប្រទេសចិន បានប្រាប់មន្ត្រីនៅវិទ្យាល័យគាត់កំពុងសិក្សាក្នុងទីក្រុងរីវើឌែល រដ្ឋយូថាហ៍ ថា គាត់ត្រូវគេចាប់ជំរិតទារប្រាក់។ បន្ទាប់ពីការស្រាវជ្រាវ និងតាមដានអស់ពេលជាច្រើនថ្ងៃ ប៉ូលីសជឿជាក់ថា និសិ្សតរូបនេះកំពុងនៅដាច់ដោយឡែកពីគេ ក្នុងតង់មួយមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងជើងក្នុងតំបន់ដ៏ធំមួយនៅជិតទីក្រុងប្រាយដ៍ហែម។

នាយកដ្ឋានប៉ូលីសក្រុងរីវើឌែល បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកៃត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យថា ពលបាលម្នាក់ដើរឡើងលើភ្នំមួយបានរកឃើញតង់របស់ កៃ ដែលមានតែភួយ អាហារ ទឹក និងទូរស័ព្ទមួយចំនួន ដែលគេសន្មត់ថា ប្រើដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់តាមអ៊ីនធើណិត។ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ កៃបានស្នើសុំអាហារក្តៅៗ និងនិយាយទៅកាន់គ្រួសាររបស់គាត់ ដែលបានបង់ប្រាក់លោះគាត់ចំនួន ៨០,០០០ដុល្លារ ទៅឱ្យគណនីធនាគារមួយនៅប្រទេសចិន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានព្រមានពលរដ្ឋរបស់ខ្លួន ដែលរស់នៅសហរដ្ឋអាមេរិក ឱ្យបង្កើនសុវត្ថិភាព, រក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងការចាប់ជំរិតទារប្រាក់តាមអ៊ីនធើណិត ក៏ដូចជាការបោកបញ្ឆោតតាមអ៊ីនធើណិត។ បើតាមប៉ូលិសក្រុងរីវើឌែល ក្រុមចាប់ជំរិតទារប្រាក់តាមអ៊ីនធើណិត នាពេលថ្មីៗនេះ កំពុងកំណត់គោលដៅលើនិស្សិតបរទេស ជាពិសេសនិស្សិតជនជាតិចិន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner