នំកន្រ្ទាំ ឬ នំទ្រាំ បុរាណខ្មែរ នៅតែពេញនិយមប្រើក្នុងពិធីបុណ្យសំខាន់ៗ និងមានទីផ្សារល្អ

(ខេត្តស្វាយរៀង)៖ បើគេធ្វើដំណើរតាមបណ្តាខេត្ត ឬសូម្បីតែក្នុងរាជធានីភ្នំពេញ ជាញឹកញាប់ផងដែរ គេឃើញពលរដ្ឋខ្មែរដាក់លក់នំកន្រ្ទាំ ឬ នំទ្រាំ គឺជានំបុរាណខ្មែរ ដែលភាគច្រើនគេទិញសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យទាន ឬមិនដូច្នេះទិញសម្រាប់ បរិភោគក្នុងក្រុមគ្រួសារ ។

ក្នុងសម័យមុនៗចាស់បុរាណតែងនាំគ្នាធ្វើនំប្រភេទនេះសម្រាប់ ក្នុងថ្ងៃសំខាន់ៗដូចជាការរៀបអាពាហ៍ពិពាហ៍ ថ្ងៃបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ជាដើម ដើម្បីទុកបរិភោគ ក្នុងក្រុមគ្រួសារ ឬចែកជូន ញាតិមិត្ត ដែលរស់នៅឆ្ងាយពីគ្នា ហើយមិនសូវបានជួបមុខគ្នា ។ នំកន្រ្ទាំ គេតែងឃើញ ចាស់បុរាណនាំគ្នាធ្វើដូចគ្នាជាមួយនឹង នំអន្សមជ្រូក អន្សមចេក នំបត់ នំគមសម្រាប់ថ្ងៃសំខាន់ៗរបស់ប្រពៃណីខ្មែរ ។

ទោះបីយ៉ាងណាក្នុងចំណោមនំទាំងនេះគេឃើញថា នំកន្រ្ទាំ ជាប្រភេទនំ ពិបាកធ្វើជាងគេ អ្នកធ្វើត្រូវការអត់ធ្មត់ និង របៀបធ្វើច្រើនតំណាក់ ។ នំកន្រ្ទាំ អាចទុកបានយូរ ដែលគេងាយ ស្រួលផ្ញើរជូនសាច់ញាតិ ឬមិត្តភក្តិទុកបរិភោគ។

អ្នកស្រី ម៉ី វន រស់នៅ ខេត្ត ស្វាយរៀង ដែលជាអ្នកធ្លាប់ធ្វើ នំកន្រ្ទាំ លក់បានឱ្យដឹងទាក់ទិនរបៀបធ្វើនំមួយបែបនេះថា៖ចំណោមធ្វើនំខ្មែរបុរាណ នំកន្រ្ទាំត្រូវបានគេចាត់ទុកថាពិបាកធ្វើជាងគេ។ការធ្វើនំប្រភេទនេះដំបូងគេ ត្រូវយកអង្ករខ្សាយទៅត្រាំមួយថ្ងៃមួយយប់ ហើយយកមកហាលឱ្យស្ងួត។បន្ទាប់ពីនោះឱ្យយកទៅបុកឬកិន(ឱ្យសល់គ្រាប់អង្ករគ្រើមៗ)។បើបុកដោយដៃត្រូវបុកឱ្យខ្ទេចល្មម”ឬសល់ជាម្សៅគ្រើមៗហើយយកទៅរែង។គេរែងយកតែម្សៅគ្រាប់អង្ករគ្រើមៗឬម៉ត់ល្មម ហើយយកទៅទុកសំដិលឱ្យស្ងួត។ បន្ទាប់ពីនោះគេប្រើស្ករត្នោត(ដាក់លើភ្លើងឱ្យក្លាយជាស្ករតាំងម៉ែក៏បាន)មកកូរជាមួយម្សៅអង្ករនោះ និងដាក់អំបិលបន្តិចបន្តួច។ក្រោយពីនោះឱ្យដាក់ម្សៅខាងលើមកកូរវិតលាយជាមួយស្ករនេះរហូតរលាយជាសាច់តែមួយ។ត្រូវប្រើខ្លាញ់ជ្រូកមកកូរចូលឱ្យសព្វបន្ថែម។ត្រូវផ្អាប់ម្សៅលាយនេះចំនួនមួយថ្ងៃបន្ថែមទៀតដើម្បីឱ្យវាឡើងមេ។ក្រោយពីនោះម្សៅនំនឹងឡើងស្អិតរមួត ទើបយកមកដាក់ចៀនរហូតក្រហមស្រួយ និងទុកបរិភោគតែម្តង។

អ្នកស្រី ប៊ុម គួង ដែលកំពុងអង្គុយលក់នំកន្រ្ទាំនៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងបានឱ្យដឹងថានំកន្រ្ទាំជានំពិបាកធ្វើខ្លាំងណាស់ ហើយត្រូវការ មនុស្សច្រើនទើបអាចធ្វើនំនេះបានលក់ ឬ ទុកបរិភោគក្នុងក្រុមគ្រួសារបាន។នំប្រភេទនេះពីសម័យដើមឡើងគេធ្វើទុកសម្រាប់ពិធីហែជំនូនថ្ងៃរៀបការ និងពិធីបុណ្យសំខាន់ៗផ្សេងដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌជាដើម។

ស្រ្តីវ័យ៦០ឆ្នាំជាងរូបនេះបានឱ្យដឹងថា អ្នកស្រីលក់នំកន្រ្ទាំជាង១០មកនេះឃើញថាមានទីផ្សារល្អ ក្នុងនេះឃើញថាអ្នកមកពីភ្នំពេញច្រើនទិញទៅទុកបរិភោគ។ថ្ងៃខ្លះអ្នកស្រីអាចលក់បាន១០ទៅ៣០គីឡូក្រាមផងដែរ។

ដោយឡែ កអ្នកស្រី ណុប ផល្លី ដែលលក់នាំកន្ទ្រាំនៅផ្សារវាលយន្ត ក្នុងក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដូចគ្នាបានឱ្យដឹងថា៖ក្នុងចំណោម អ្នកស្រីលក់នំ បុរាណខ្មែរដូចជា នំកន្រ្ទាំ នំរាជ និងនំខ្លូតឃើញថានំកន្ទ្រាំលក់ដាច់ គេនិយម ទិញទៅបរិភោគជាងគេ។សម្រាប់តម្លៃមួយគីឡូក្រាម១ម៉ឺនរៀល និង ក្នុងមួយថ្ងៃអាចលក់ចាប់ពី៥ទៅជាង ២០គីឡូក្រាម។

អ្នកស្រី យ៉ុន សុភី ដែលអង្គុយលក់នំកន្រ្ទាំនិងបន្លែតាមដងផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀងបានឱ្យដឹងថា៖អ្នកស្រីលក់នំប្រភេទនេះដាច់គួរសម ហើយអ្នកធ្វើដំណើរចូលចិត្តទិញសម្រាប់ទុកបរិភោគណាស់។ក្នុងមួយថ្ងៃគាត់អាចលក់បានចាប់ពី៥ទៅជាង២០គីឡូក្រាមមិនដែលខានទេ។

ប្រាប់ដូចគ្នានេះ អ្នកស្រី តិច ធួន ដែលអង្គុយលក់នំកន្ទ្រាំនៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងបានឱ្យដឹងថា៖តាមទំនៀមទម្លាប់ខ្មែរយើង ក្នុងពិធីបុណ្យ ឬ ពិធីសំខាន់ៗតាំងពីបរមបុរាណមក តែងធ្វើនំប្រភេទឆ្ងាញ់ៗ សម្រាប់ចែកញាតិមិត្តបងប្អូនញាំជុំគ្នា យកទៅ វត្ត ប្រគេន ព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតា។

ស្រ្តីវ័យចំណាស់រូបនេះបានឱ្យដឹងបន្ថែមថា៖ នំខ្មែរមានច្រើន មានទំាងនំ សម្រាប់ រដូវកាលបុណ្យទាន នំជាអាហារសម្រន់ ឬជាបង្អែម ដូចជានំកន្រ្ទាំនេះ ក៏គេនិយម ធ្វើបរិភោគ និងទិញទុកសម្រាប់ផ្ញើរជូនញាតិបងប្អូន។នំកន្រ្ទាំនេះវាមានរ សជាតិ ឈ្ងុយឆ្ងាញ់ រក្សាទុកបានយូរ ហើយបើទោះបី លំបាកធ្វើជាងនំដទៃបន្តិចពិតមែន តែក៏ផ្តល់នូវរស់ជាតិឆ្ងាញ់គួរសម ហើយលក្ខណៈពិសេសរបស់វានោះទុក បរិភោគបានយូរ ម្ល៉ោះហើយពលរដ្ឋខ្មែរនៅតែនិយមបរិភោគមិនចេះ សាបសូន្យនេះឯង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner