ទូកជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី១០ សមគមកីឡាទូកមហាផ្ទៃ កងទ័ពជើងទឹកប្រជែងបានមេដាយមាសច្រើនជាងគេ

អត្ថបទដោយ៖
ជាវ ចន្ធូ

(បាត់ដំបង)៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ រៀបចំនៅដងស្ទឹង សង្កែ ខេត្ត បាត់ដំបង រយៈពេល៣ថ្ងៃ បានបញ្ចប់ជាផ្លូវការហើយ ដោយ សមាគមកីឡាទូកក្រសួងមហាផ្ទៃ និងសមាគមកីឡាទូកកងទ័ពជើងទឹកប្រជែងដណ្តើមបានមេដាយមាស៣គ្រឿងស្មើគ្នាច្រើនជាងគេ ខណៈសមាគមកីឡាទូកខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយមាស២គ្រឿង លើ២វិញ្ញសាប្រកួត។ការប្រកួតនេះ អញ្ជើញចូលរួមបិទ ក្រោមអធិបតីភាព សម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្រ្តៃយ៍ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី១០ ឆ្នាំ២០២៣នេះ សមាគមទូករាជធានីខេត្តចូលរួមសរុប១៨ មាសភាព ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់មានចំនួន ៣៧៦ នាក់ (ក្នុងនោះ មានកីឡាការិនី ៦៩ នាក់) ដោយការប្រកួតប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ អនុវត្តតាមរូបមន្តជម្រុះ ដែលមានវិញ្ញាសាប្រកួតចំនួន៨វិញ្ញសា។

ឯកឧត្តម អនុប្រធានអចិន្រ្តៃយ៍ បានបញ្ជាក់ទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង ឆ្នាំ២០២៣ ដែលខេត្តបាត់ដំបង ទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺជាកំណត់ត្រាថ្មី ដែលមានសមាគមទូករាជធានីខេត្ត ចូលរួម ច្រើនលើសពីឆ្នាំកន្លងៗទៅមានរហូត១៨សមាគម។

លោកថា មូលហេតុ ដែលសហព័ន្ធជ្រើសរើសយកខេត្តបាត់ដំបងជាកន្លែងរៀបចំ ការប្រកួតនេះ គឺ ជាការចង្អុលបង្ហាញពីប្រធានសហព័ន្ធ សម្តេច ក្រឡាហោម ស ខេង ព្រោះតែខេត្តមួយនេះ ជាខេត្តសកក្តានុពលធនធានកីឡា សេដ្ឋកិច្ច វប្បធម៍ និងទេសចរណ៍។ ឯកឧត្តម អះអាងទៀតថា ការប្រកួតថ្នាក់ជាតិ ដែលរៀបចំឡើង សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត នឹងធ្វើការប្តូរវេនទៅកាន់ខេត្តផ្សេងៗទៀត ដែលមានសក្កានុពល ដើម្បីឲ្យការប្រកួតនេះក្លាយជាផ្នែកមួយជួយជំរុញទាក់ទាញ យុវជនចង់អារម្មណ៍កីឡាទូកនិងចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ជាមួយគ្នានោះ ការប្រកួតនេះ ក៏ជាការចំរាញ់ជ្រើសរើសធនធាន កីឡាករកីឡាការិនីឆ្នើមៗដែលមានសមត្ថភាពជ្រើសរើសជាប់ជាជម្រើសជាតិត្រៀមស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥។

សម្រាប់លទ្ធផលនៃការប្រកួតលើ៨វិញ្ញសារួមមានវិញ្ញសាទូកផ្កាចានារីចម្ងាយ២៥០ម៉ែត្រ ចំណាត់លេខ១ កងទ័ពជើងទឹក។ វិញ្ញាសាទូកផ្កាចា នារីចម្ងាយ៥០ម៉ែត្រ ចំណាត់លេខ១ កងទ័ពជើងទឹក។វិញ្ញសា ទូកផ្កាចាផ្នែកបុរស ចម្ងាយ២៥០ម៉ែត្រ ចំណាត់លេខ១ ខេត្តកណ្តាល។វិញ្ញសា ផ្កាចារផ្នែកបុរស ចម្ងាយ៥០០ លេខ១ ក្រសួងមាហាផ្ទៃ ។វិញ្ញសា ទូកនាគផ្នែកនារីចម្ងាយ២៥០ម៉ែត្រ ចំណាត់លេខ១ ខេត្តកណ្តាល។ វិញ្ញសា ទូកនាគ ផ្នែកបុរស ចម្ងាយ២៥០ ម៉ែត្រ ចំណាត់លេខ១ កងទ័ពជើងទឹក។ វិញ្ញសា នាគ បុរសចម្ងាយ ៥០០ម៉ែត្រ ចំណាត់ លេខ១ ក្រសួងមហាផ្ទៃ។ និង វិញ្ញសា ទូកនាគ ផ្នែកបុរស៨០០ម៉ែត្រ ចំណាត់លេខ១ ក្រសួងមហាផ្ទៃ៕

រូបភាព ៖ ជីម ភារ៉ា និង សែម បូរិន អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner