រតនៈវត្ថុ ៩អង្គ នៅលើប្រាសាទព្រះអង្គប្រសូត្រ កំពស់ ២១ម៉ែត្រ តម្លៃ ៣៣ម៉ឺនដុល្លារ ត្រូវបានធ្វើពិធីបុណ្យលើកតម្កល់
(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ព្រមទាំងសម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យលើកតម្កល់រតនៈវត្ថុចំនួន ៩អង្គ នៅលើប្រាសាទព្រះអង្គប្រសូត្រដែលមានកម្ពស់ ២១ម៉ែត្រ ដែលចំណាយថវិកាកសាងអស់ប្រមាណ ៣៣ម៉ឺនដុល្លារ នៅវត្តសាមគ្គីសុខារាម ហៅវត្ត “ច្រករំដេង” ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម វង សូត បានថ្លែងអំណរគុណថ្វាយ ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត រួមជាមួយឧកញ៉ា ឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើននៅក្នុងវត្តច្រករំដេងនេះ រួមមាន ៖ សាលាវិបស្សនាធុរៈ បដិមាព្រះពុទ្ធមាតា បដិមាព្រះពុទ្ធទ្រង់ត្រាស់ដឹង បដិមាព្រះពុទ្ធទ្រង់បរិនិព្វាន្ត និងសមិទ្ធផលដទៃទៀតជាច្រើន ។
ឯកឧត្តម វង សូត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ ។ ក្រោមម្លប់សន្តិភាព ដែលជាមរតកដ៏មានតម្លៃគ្មានអ្វីកាត់ថ្លៃបាន កម្ពុជាក្នុងសម័យថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ពោរពេញ ដោយ សមត្ថភាព និងមានសីលធម៌ខ្ពស់ កម្ពុជានឹងទទួលបាន នូវការអភិវឌ្ឍកាន់តែ ឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ និងមានកេរ្តិ៍ឈ្មោះ ល្បាញល្បី បោះសំឡេងលើឆាកអន្តរជាតិ ។
ជាមួយគ្នានោះ ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនបច្ច័យ សម្រាប់កសាងវត្ត ចំនួន ២០លានរៀល យាយជី-តាជី ១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូ ២៥នាក់ ក្នុងម្នាក់ៗ ថវិកា ៣ម៉ឺនរៀល សិស្សានុសិស្ស ៣០០នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ១ម៉ឺនរៀល កម្លាំងការពារថវិកា ១លានរៀល និងគ្រូពេទ្យស្ម័គចិត្ត ៥០ម៉ឺនរៀលផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ