រដ្ឋសភាធ្វើញ្ញត្តិគាំទ្ររាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើញ្ញត្តិប្រកាសគាំទ្រទាំងស្រុងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញអនុក្រឹត្យលេខ៖ ០១ អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» និងជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភាបានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាដែលកើតចេញមកពីនយោបាយឈ្នះឈ្នះ អាចត្រូវបានចាត់ទុកជាដំណាក់កាលសំខាន់បំផុតមួយនៃប្រវត្តិសាស្ត្ររបស់កម្ពុជាសម័យបច្ចុប្បន្ន។ នយោបាយនេះមានយុទ្ធសាស្ត្រ និងការដឹកនាំផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្ត្រី ហើយសម្តចបានយកជីវិតផ្ទាល់ធ្វើជាដើមទុនដើម្បីសម្រេចគោលដៅ។ ចំណែកលទ្ធផលដែលទទួលបាន គឺសុខសន្តិភាព និងការបង្រួបបង្រួមជាតិយ៉ាងពេញបរិបូរណ៍ ដែលមិនអាចកាត់ថ្លៃបាន។ សន្តិភាពនេះបាននិងកំពុងនាំមកជូនប្រជាពលរដ្ឋនូវជីវភាពដ៏សុខក្សេមក្សាន្ត និងជាមូលដ្ឋាននៃការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។
ជាថ្មីម្ដងទៀត រដ្ឋសភាបានកោតសរសើរយ៉ាងក្រៃលែងចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹត្យកំណត់ «ទិវាសន្តិភាពនៅកម្ពុជា» ឱ្យទៅជាទិវានៃការចងចាំមួយទៀតសម្រាប់សាធារណជនកម្ពុជា ជាពិសេស កូនចៅជំនាន់ក្រោយៗមកទៀត ដែលគួរតែដឹងនូវគុណូបការៈរបស់វីរជនជំនាន់មុនៗរបស់ខ្លួនដែលបានបូជាជីវិតរហូតដល់ធ្វើឱ្យដែនដីសុវណ្ណភូមិកម្ពុជា មានសន្តិភាព សេរីភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ហើយកូនចៅជំនាន់ក្រោយទាំងអស់គ្នាត្រូវតែចងចាំ និងខិតខំថែរក្សាសមិទ្ធផលដ៏ពិសិដ្ឋនេះឱ្យខានតែបានតរៀងទៅ៕