ចំនួនអ្នកស្លាប់កើនដល់៤៨នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រនៅជប៉ុន
តូក្យូ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៨នាក់ ស្របពេលដែលអាជ្ញាធរក្នុងតំបន់រំពឹងថា តួលេខនេះនឹងបន្តកើនឡើងបន្ថែមទៀត ពីព្រោះក្រុមសង្គ្រោះកំពុងដុតដៃដុតជើងជួយជនរងគ្រោះចេញពីគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ វាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន នៅថ្ងៃចន្ទសប្តាហ៍នេះ។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-14-1024x734.jpg)
ក្រុមអ្នកជួយសង្គ្រោះជប៉ុនកំពុងប្រយុទ្ធនឹងពេលវេលា នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីនៅថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៨នាក់ និងបង្កការបំផ្លិចបំផ្លាញផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំសម្បើម។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-16-1024x682.jpg)
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយបន្ទាប់ពីកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយថា ការខូចខាតដ៏ធំសម្បើមត្រូវបានរាយការណ៍ ក្នុងនោះរួមមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងការដួលរលំអគារ និងភ្លើងឆេះ។ លោកបន្តថា ពួកយើងត្រូវរត់ប្រណាំងប្រឆាំងនឹងពេលវេលា ក្នុងការស្វែងរក និងសង្គ្រោះអ្នកនៅរស់រានមានជីវិតពីគ្រោះមហន្តរាយ។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-19-1024x682.jpg)
ក្រុមហ៊ុនចែកចាយថាមពលក្នុងតំបន់បានបញ្ជាក់ថា ប្រជាជនក្នុងតំបន់ជាង ៣៣,០០០គ្រួសារ ដាច់ចរន្តអគ្គិសនីប្រើប្រាស់ ចំពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំងពេញមួយយប់ ខណៈទីក្រុងជាច្រើនផ្សេងទៀតគ្មានទឹកប្រើប្រាស់។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-21-1024x661.jpg)
គ្រោះរញ្ជួយដ៏ដីនេះដែរ ក៏បណ្តាលឱ្យមានរលកយក្សស៊ូណាមិកម្ពស់យ៉ាងហោចណាស់ ១.២ម៉ែត្រ វាយប្រហារទីក្រុងវ៉ាជីម៉ា និងរលកយក្សស៊ូណាមិតូចៗជាច្រើនទៀតក៏ត្រូវបានរាយការណ៍ផងដែរ។ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរជប៉ុនបានសម្រេចដកការប្រកាសអាសន្នពីរលកយក្សស៊ូណាមិចេញវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-23-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-24-1024x574.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-26-1024x693.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-18-28-1024x714.jpg)