ឆ្មាំសមុទ្រជប៉ុន៥នាក់ស្លាប់ ក្រោយយន្តហោះពួកគេបុកជាមួយយន្តហោះ Japan Airline
តូក្យូ៖ មនុស្ស៥នាក់ជិះលើយន្តហោះឆ្មាំសមុទ្របានស្លាប់ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ នៅពេលយន្តហោះរបស់ពួកគេបានប៉ះទង្គិចគ្នាជាមួយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀត បង្កឱ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឯព្រលានយន្តហោះ Haneda ទីក្រុងតូក្យូ។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-19-51-1024x682.jpg)
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជួនជប៉ុន លោក Tetsuo Saito បានប្រាប់អ្នកយកព័ត៌មានថា អ្នកដំណើរ៣៦៧នាក់ និងអ្នកបម្រើការលើយន្តហោះ១២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ Japan Airlines ដែលមានភ្លើងឆេះ ក្រោយប៉ះទង្គិចគ្នាជាមួយយន្តហោះមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ឆ្មាំសមុទ្រ ត្រូវបានជម្លៀសចេញពីទីតាំងកើតហេតុដោយសុវត្ថិភាព។ ប៉ុន្តែជាអកុសល សមាជិកឆ្មាំសមុទ្រ៥នាក់ ក្នុងចំណោម៦នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍នេះ។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-19-53-1024x628.jpg)
យន្តហោះឆ្មាំសមុទ្រមួយគ្រឿង មានគម្រោងហោះហើរទៅកាន់កោះ Ishikawa ដើម្បីចែកចាយជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកនៅថ្ងៃចូលឆ្នាំថ្មី ដែលបានសម្លាប់មនុស្សកើនដល់៤៨នាក់។ ជុំវិញហេតុការណ៍នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានលើកសរសើរសមាជិកឆ្មាំសមុទ្រដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារជួយជនរងគ្រោះក្នុងគ្រោះរញ្ជួយដី។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-19-58-1024x682.jpg)
លោក គីស៊ីដា បានប្រាប់អ្នកកាសែតថា ពួកគេគឺជាបុគ្គលិកមានស្មារតីលះបង់ខ្ពស់ក្នុងបេសកកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការជួយដល់តំបន់រងផលប៉ះពាល់ ដូច្នេះវាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់។ ខ្ញុំសូមបង្ហាញការគោរព និងការដឹងគុណរបស់ខ្ញុំចំពោះពួកគេ។ បើតាមមន្រ្តីក្រសួងដឹកជញ្ជួនជប៉ុន ការស៊ើបអង្កេតលើឧប្បទ្ទវហេតុនេះបាននឹងកំពុងដំណើរការ។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-20-00-1024x682.jpg)
គួរបញ្ជាក់ថា ប្រទេសជប៉ុនមិនធ្លាប់កើតមានគ្រោះថ្នាក់ក្នុងវិស័យអាកាសចរណ៍ពាណិជ្ជកម្មធ្ងន់ធ្ងរបែបនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ឧប្បទ្ទវហេតុដ៏អាក្រក់បំផុតមិនធ្លាប់មាននោះ គឺនៅឆ្នាំ១៩៨៥ នៅពេលដែលយន្តហោះ JAL jumbo ហោះពីទីក្រុងតូក្យូទៅទីក្រុងអូសាកា បានធ្លាក់នៅភាគកណ្តាលតំបន់ហ្កាន់ម៉ា ដោយបានសម្លាប់អ្នកដំណើរ និងអ្នកបម្រើការលើយន្តហោះចំនួន ៥២០នាក់។ គ្រោះថ្នាក់នោះ គឺជាការធ្លាក់យន្តហោះដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_23-20-02-1024x682.jpg)