ពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការ គ.ជ.ប ថ្មី នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ អគារ ទីស្ដីការ គ.ជ.ប ថ្មី នៅលើដីឡូតិ៍លេខ ៧១ វិថីសុធារស សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការ គ.ជ.ប ថ្មី នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម  អនុប្រធាន សមាជិក  អគ្គលេខាធិការ អគ្គលេខាធិការរង  អគ្គនាយក គ្រប់អគ្គនាយកដ្ឋាន ថ្នាក់ដឹកនឹកនៃនាយកដ្ឋានជំនាញ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធនានាចំណុះឱ្យ គ.ជ.ប មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

នាឱកាសដ៏អធិកអធមនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ និងថ្នាក់ដឹកនាំ គ.ជ.ប ទាំងអស់ បានប្រារព្ធពិធីសែនក្រុងពាលីតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានរៀបចំនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ប្រដាប់ប្រដាផ្សេងៗ បូជាចំពោះគុណព្រះរតនត្រ័យ គុណកែវទាំង៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទសបារមីដែលថែរក្សាទឹកដី ភូមិករ និងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំនូវសេចក្តីសុខ សេចក្តីចម្រើនដល់ដំណើរការសាងសង់អគារទីស្តីការ គ.ជ.ប ថ្មី ឱ្យប្រព្រឹត្តទៅដោយរលូន មានគុណភាព និងសុវត្ថិភាព ព្រមទាំងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តស្វាធ្យាយ ជយន្ដោ ប្រោះព្រំដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាជ័យមង្គលដ៏ឧត្តុង្គឧត្តមផងដែរ។

ជាមួយគ្នានេះ បន្ទាប់ពីប្រារព្ធពិធីក្រុងពាលី និងសែនព្រេនដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើនរួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏បានអញ្ជើញធ្វើពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះ ដោយក្នុងនោះ ក៏បានបន្តរៀបចំនិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំដុំសីមា ព្រមទាំងធ្វើពិធីដង្ហែដុំសីមា និងកាត់ឫសសីមាដាក់ចូលក្នុងរណ្ដៅគ្រឹះជានិមិត្តរូប សម្រាប់ការងារចាប់ផ្តើមដំណើរការសាងសង់។

បន្ទាប់ពីពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះរួចមក ឯកឧត្តមប្រធាន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏បានបន្តអញ្ជើញជាអធិបតី ចុចប៊ូតុងបញ្ជាគ្រឿងចក្រ ចាប់ផ្ដើមសម្ពោធការដ្ឋានសាងសង់អគារទីស្ដីការ គ.ជ.ប ថ្មី ជាផ្លូវការចាប់ពីពេលនេះតទៅ។

សូមជម្រាបជូនផងដែរថា អគារទីស្តីការ គ.ជ.ប ថ្មីនេះ មានកម្ពស់ ៩ ជាន់ គិតជាផ្ទៃក្រឡាសំណង់សរុបចំនួន ៣២,០០០ ម៉ែត្រការ៉េ និងត្រូវសាងសង់បញ្ចប់ក្នុងរយៈពេល ២២ខែ ហើយមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ដោយ ៖ សុខ ណេត

សុខ ណេត
សុខ ណេត
បានប្រលូកនៅតាមស្ថាប័នធំៗមានបទពិសោធន៍ជាច្រើនទាំងទូរទស្សន៍ បណ្ដាញសង្គម និងតាមមូលដ្ឋាន។ បន្ថែមពីការងារជាអ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកអត្ថាធិប្បាយ លោកក៏មានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងអ្នកព័ត៌មាននានានៅកម្ពុជាផងដែរ។
ads banner
ads banner
ads banner