សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ។ នេះបើយោងតាមសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញេីជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ។

ក្នុងសារលិខិត ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានគូសបញ្ជាក់ថា ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់។ ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។ សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់របស់ខ្ញុំ ។ អេម៉ានុយអែល ម៉ាក្រុង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner