ចិនជួបកំណត់ត្រាអាកាសធាតុក្តៅបំផុតក្នុងឆ្នាំ២០២៣
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីមន្ត្រី ចុះផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សីតុណ្ហភាពជាមធ្យមរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ គឺក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។
Read. ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា សីតុណ្ហភាពមធ្យមរបស់ប្រទេសចិនកាលពីឆ្នាំមុន គឺ ១០.៧អង្សាសេ កើនលើសពីកំណត់ត្រាពីមុន ១០.៥អង្សាសេ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ទីក្រុងប៉េកាំង។ ដូច្នេះសីតុណ្ហភាពនៅទូទាំងប្រទេសចិន ភាគច្រើនគឺខ្ពស់ជាង ០.៥ ទៅ ១អង្សាសេ។
ទន្ទឹមគ្នា ស្ថានីយ៍ឧតុនិយមជាតិចំនួន ១២៧ នៅទូទាំងប្រទេសចិន ក៏បានបំបែកកំណត់ត្រាសីតុណ្ហភាពដ៏ខ្ពស់ប្រចាំថ្ងៃក្នុងឆ្នាំ២០២៣ផងដែរ។ ជាក់ស្តែង ទីក្រុងប៉េកាំងបានបំបែកឯតទគ្គកម្មក្នុងរយៈពេល ២៣ឆ្នាំ កាលពីខែកក្កដាឆ្នាំមុន ជាមួយនឹងសីតុណ្ហភាពកើនលើស ៣៥អង្សាសេ ក្នុងរយៈពេល ២៧ថ្ងៃជាប់ៗគ្នា។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ ការកើនឡើងសកម្មភាពក្នុងរោងចក្រថាមពលធ្យូងថ្ម នាពេលថ្មីៗនេះ បានបន្ថែមការព្រួយបារម្ភថា ប្រទេសចិនអាចនឹងដើរថយក្រោយ ពីគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នខ្ពស់បំផុតនៅចន្លោះឆ្នាំ ២០២៦ និងឆ្នាំ ២០៣០ ហើយសម្រេចអព្យាក្រឹតកាបូននៅឆ្នាំ ២០៦០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា