ឯកឧត្តម សាយ សំអាល់៖រាជរដ្ឋាភិបាលរំពឹងថាក្នុង ឆ្នាំ២០៥០កម្ពុជា នឹង មានកំណើនធនធានមនុស្ស និងអាចប្រែក្លាយកម្ពុជាជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ ថា តាមរយៈ ដំណើរវិវឌ្ឍន៍ជាបណ្តើរៗឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថា នាឆ្នាំ២០៥០ កម្ពុជានឹងមាន កំណើនធនធាន មនុស្សដែលពោរពេញដោយសក្តានុពល ទាំងចំណេះដឹង និង សមត្ថភាព សំរាប់ចូលរួមប្រែក្លាយ កម្ពុជាជា ប្រទេសដែលមានប្រាក់ ចំណូល ខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅនូវែលសេឡង់ អូស្ត្រាលី និងបារាំង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីចំណុចនេះទៀតថា បច្ចុប្បន្ននេះគឺ ជាការបើកទំព័រថ្មី១ នៃស្ថាបត្យកម្មខ្មែរ ជាលើកទី១ដែលកូនខ្មែរបានចូលរួមកសាងស្នាដៃ ស្ថាបត្យកម្មនៅអគារធំៗរបស់រដ្ឋ ដូចជា អគារទីស្តីការក្រសួងរៀបចំ ដែនដី និងអគារក្រសួងមហាផ្ទៃជាដើម ដែលទាំងនេះចាត់ទុកថា ជាមោទនភាពមួយរបស់កូនខ្មែរ បើទោះបីជានៅមានការខ្វះ ចន្លោះ យ៉ាងណាក្តី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីសភាពការណ៍នយោបាយ និងដំណើរវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទ ពិសោធន៍ សម្រាប់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បានស្វែងយល់អំពីអ្វី ដែល ត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឯង ឱ្យ កាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែឈាន ឆ្ពោះ ទៅមុខ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាព ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បញ្ជាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបនេះ និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់បានប្ដេជ្ញាថា នៅពេល បញ្ចប់ ការសិក្សាហើយវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នឹងចូលរួម ចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ទៀត តាមសក្តានុពល និងជំនាញរៀងៗខ្លួន។
សូមជម្រាបថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងត្រូវ ចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនិង បណ្ឌិត នៅ អូស្ត្រាលី នូវែលសេឡង់ និងបារាំងក្នុងខែមករានេះ ដោយសិក្សាលើមុខវិជ្ជា វិទ្យាសាស្ត្រវិស្វកម្ម នីតិសាស្ត្រ វិទ្យាសាស្រ្តនយោបាយ អប់រំ ការរចនា ទីក្រុង វិជ្ជាជីវៈឆ្មប សេដ្ឋកិច្ច សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោលនយោបាយសាធារណៈ និងបច្ចេកវិទ្យាជីវសាស្រ្ត រួមនឹងមុខវិជ្ជាសំខាន់ៗជាច្រើនទៀត៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖គ្រី សម្បត្តិ