អ្នកនាំពាក្យរដ្ឋសភា៖ រយៈពេលជាង៣ខែ រដ្ឋសភាបានធ្វើការងារយ៉ាងសកម្មក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន
ភ្នំពេញ៖ រយៈពេលជាង៣ខែមកនេះ រដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានធ្វើសកម្មភាពការងារយ៉ាងសកម្មខិតខំធ្វើការយ៉ាងណាឲ្យសកម្មស្វាហាប់ និងយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន និងធ្វើការងារដើម្បីបម្រើប្រជាជន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានា បានចំនួន១៨លើក។ អនុម័ច្បាប់បានចំនួន៧ និងទទួលពាក្យបណ្តឹងនិងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែមករានេះថា ផ្តើមដំណើរការពីថ្ងៃទី២១ ខែសីហាដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី៧ បានបិទសម័យប្រជុំលើកទី១ នីតិកាលទី៧ គឺការងារសកម្មភាពរបស់រដ្ឋសភាមានភាពសកម្មស្វាហាប់ដូចខាងរាជរដ្ឋាភិបាលដែរ ដោយសារខាងរាជរដ្ឋាភិបាលបានប្តូរជំនាន់នៅក្នុងការគ្រប់គ្រង ដោយអ្នកជំនាន់ចាស់បានប្រគល់ភារកិច្ចដឹកនាំមកអ្នកជំនាន់ថ្មី។ ហើយក្នុងរយៈពេលជាង៣ខែនេះ អ្នកជំនាន់ថ្មីសកម្មធ្វើការងារខ្លាំងនៅក្នុងការបម្រើជាតិ មាតុភូមិ។ ហើយខាងសភាក៏ដូចគ្នាដែរ គឺនឹងធ្វើការឱ្យមានស្មារតីដូចគ្នា ខិតខំធ្វើការយ៉ាងណាឲ្យសកម្មស្វាហាប់ ហើយយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន អ្វីៗទាំងអស់គឺធ្វើការដើម្បីបម្រើប្រជាជន។

អ្នកនាំពាក្យរដ្ឋសភាបានបន្តថា ភារកិច្ចរដ្ឋសភា និងរដ្ឋាភិបាលខុសគ្នា គឺខាងរាជរដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួន ដោយគិតទៅដល់ជនក្រីក្រ អ្នកងាយរងគ្រោះ រកការងារជូនប្រជាជនធ្វើ អភិវឌ្ឍន៍សេដ្ឋកិច្ចកុំឱ្យមានវិបត្តិ គឺរាជរដ្ឋាភិបាលធ្វើការខ្លាំងណាស់ ហើយលទ្ធផលក៏បានល្អដែរ។ ចំណែករដ្ឋសភាវិញមានស្មារតីធ្វើការប្រហាក់ប្រហែលគ្នា គឺរដ្ឋសភាចាប់ផ្តើមធ្វើការពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣មក គឺធ្វើការស្ទើរតែទាំងអស់។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលជាងបីខែកន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានា បានចំនួន១៨លើក។ ក្រៅពីនេះសម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសភូមិផងរបងជាប់កម្ពុជា មានប្រទេសវៀតណាម និងប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងវៀងចន្ទន៍ផងដែរ។ សម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុម័ច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក។
នៅក្នុងរយៈពេលបីខែកន្លងមកនេះ រដ្ឋសភាបានទទួលពាក្យបណ្តឹងនិងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី៕
ដោយ៖ពលជ័យ