អាគារស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១លានដុល្លារ បើកឱ្យដំណើរការ
(កណ្តាល)៖ អគារស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ង្វៀន ហ្វីតតាំង (NGUYỄN HUYTÄNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំកគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ឯកឧត្តម ង្វៀន ហ្វីតាំង មានប្រសាសន៍ថា សំណង់អាគារទីស្នាក់ការកណ្ដាល នៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជានិមិត្តរូបថ្មីមួយទៀត នៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា រយៈពេល ជាង ១៦ឆ្នាំមកហើយដែល សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរងសមាគមអតីតយុវជនកម្ពុជា បានឱ្យដឹងថា សមិទ្ធផលអគារថ្មីនេះ ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ។ អគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានសាងសង់ហើយរួចរាល់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១លាន ២សែន ៥ម៉ឺន ៥ពាន់ ៧០០ដុល្លារ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា


