ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត ប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត ប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រេីនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ ។
សូមជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់ ៧៣នាក់ហើយ ខណៈបញ្ហាអាកាសធាតុ បានរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ការបិទផ្លូវនានា ការស្ទះដោយគំនរថ្ម និងដើមឈើដួលរលំ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មានភាពស្មុគស្មាញ។
អាជ្ញាធរបានជូនដំណឹងថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៣នាក់ រីឯចំនួនអ្នករងរបួស មានជាង៤០០នាក់។ មនុស្សជាង ៣៣៤០០នាក់ស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន ហើយអគារយ៉ាងហោចណាស់ ចំនួន ២០០អគារ បានដួលរលំ។ មនុស្សប្រមាណ៣០ម៉ឺន នៅតែគ្មានថាមពលអគ្គិសនីប្រើប្រាស់ នៅក្នុងខេត្ត Ishikawa ហើយមនុស្ស ជាង១១ម៉ឺនគ្រួសារ គ្មានទឹកប្រើប្រាស់។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងក្លាបន្តបន្ទាប់គ្នា រួមមានទាំងការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារតំបន់ភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។ ភ្លាមៗ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ប៉ុន្តែ ក្រោយមក បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕
ដោយ:វណ្ណលុក

