យុវជននិយាយពីសម័យប៉ុលពតដ៏ឃោឃៅមិនអាចបំភ្លេចបាន និងភាពផ្ទុយគ្នាស្រឡះពីកម្ពុជាសម័យបច្ចុប្បន្ន
ភ្នំពេញ៖ “កាលពីសម័យប៉ុលពតខ្ញុំកើតមិនទាន់ទេ! ប៉ុន្តែឪពុកម្តាយខ្ញុំ ពិសេសលោកឪពុក របស់ខ្ញុំគាត់ធ្លាប់ឆ្លងកាត់សម័យដ៏ឃោឃៅនេះបាននិយាយប្រាប់។គាត់បាននិយាយពីជីវិតនៅសម័យប៉ុលពតគឺលំបាកខ្លាំងណាស់ ពិសេសការហូបចុកអត់គ្រប់គ្រាន់ទេ! ធ្វើការលើសកម្លាំង ឬសម័យនោះអាចនិយាយបានថាជាគុកឥតជញ្ជាំង។គាត់ប្រាប់ថាលំបាកខ្លាំងណាស់!និយាយអ្វីខុសបន្តិចបន្តួចអត់បានដែរ។របស់របរខ្លួនឯងដាំបាន ចិញ្ចឹមបាន ក៏ហូបអត់បានដែរ។បើយើងហូបគេដឹង គេនឹងយកទៅកសាងឬយកទៅសម្លាប់ចោលហើយ។សម័យនោះលំបាកខ្លាំងណាស់!មិនដូចសព្វថ្ងៃនេះទេ ដូចយើងដឹងស្រាប់ហើយ ពលរដ្ឋយើងស្លាប់អស់ជាង៣លាននាក់”។នេះជាការលើកឡើងរបស់លោក យឺន សីហា និយាយរៀបរាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត និងថ្ងៃ៧មករា។
លោក យឺន សីហាដែលមានស្រុកកំណើតនៅខេត្ត តាកែវ បានឱ្យដឹងថាសម័យប៉ុលពតដែលរូបលោកបានដឹងតាមរយៈឪពុកម្តាយថាសម័យរបបអាវខ្មៅពិតជាឃោឃៅ អាក្រក់យង់ឃ្នងដែលប្រវត្តិសាស្រ្តពិភពលោកគ្មានទេ។ជាមួយគ្នានេះលោកជឿជាក់ថារបបឃោរឃៅ និងទិដ្ឋភាពដ៏ព្រៃផ្សៃបែបនេះនឹងមិនកើតមាននៅប្រទេសកម្ពុជាបន្តទៀតឡើយ។សម័យនោះពលរដ្ឋបានព្រាត់ប្រាស់សាច់ញាតិ ។ប្រពន្ធព្រាត់ប្តី ។ប្តីព្រាត់ប្រពន្ធ ។កូនព្រាត់ឪពុកម្តាយ ។សាច់ញាតិព្រាត់ប្រាស់គ្នារហូតដល់សព្វថ្ងៃ ។របបនោះប៉ះពាល់ផ្លូវចិត្ត និងមកដល់បច្ចុប្បន្ននេះពលរដ្ឋកម្ពុជាមួយចំនួននៅតែទទួលរងឈឺចាប់ និងមិនអាចបំភ្លេចបានឡើយ។ពួកគាត់បាននិយាយរំលឹកពីរបបយង់ឃ្នងមួយនេះនិងភ័យខ្លាចផង។ក្នុងរបបនេះធ្វើឱ្យខ្មែរឈឺចាប់ខ្លាំងណាស់។
ជាមួយនឹងការនិយាយរំលឹកក្នុងយុគសម័យខ្មៅងងឹតនៃរបបមួយនេះយុវជន យឺនសីហាក៏បានលើកឡើងពីគុណបំណាច់របស់ថ្ងៃ៧មករា ជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។
លោក យឺន សីហា បានលើកឡើងឱ្យដឹងបន្ថែមថា៖”បើប្រៀបធៀបសម័យរបស់ប៉ុលពតមកពេលបច្ចុប្បន្ននេះគឺខុសគ្នាឆ្ងាយខ្លាំងណាស់គឺប្រៀបបានមេឃនឹងដី។សម័យនេះពលរដ្ឋរស់នៅមានសិទ្ធសិរីភាពគ្រប់បែបយ៉ាង,សម័យកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានអគារខ្ពស់ៗ ទីក្រុងយើងកាន់តែទំនើបមានទាំងការអភិរក្ស និងអភិវឌ្ឍន៍គ្រប់បែបយ៉ាង។យើងមានស្ពានលំដាប់អន្តរជាតិ មានផ្សារទំនើប។ល។បើប្រៀបធៀបគឺខុសគ្នាដាច់ហៅពុំលឺសោះឡើយ”។
ទន្ទឹមជាមួយនឹងរំលឹកពីអតីតកាលដ៏ខ្មៅងងឹតនៃរបបប៉ុលពត,យុគសម័យរីកចម្រើននាពេលបច្ចុប្បន្ន លោកយឺនសីហាក៏មិនភ្លេចរំលឹកពីព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកម្ពុជាទើបតែរៀបចំការប្រកួតកីឡាស៊ីហ្គេមដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ប្រទេសកម្ពុជាតូចតែការរៀបចំប្រកបដោយជោគជ័យដែលមិនត្រឹមតែពលរដ្ឋកម្ពុជាកោតសរសើរទេ សូម្បីតែអ្នករស់នៅបរទេសក៏កោតសរសើរកម្ពុជាផងដែរ។
ជាមួយនឹងភាពជោគជ័យនេះដែរ លោក យឺន សីហា បានលើកឡើងពីផលចំណេញដែលកើតចេញពីការធ្វើជាម្ចាស់ផ្ទះនេះបានធ្វើឱ្យគេស្គាល់ពីកម្ពុជា ពិសេសកម្ពុជាអាចទាក់ទាញវិស័យទេសចរណ៍កាន់តែច្រើនឡើង។កម្ពុជាមិនត្រឹមតែទទួលបាននូវផលចំណេញទាំងនេះទេគឺនូវទទួលផលចំណេញឱ្យគេបានស្គាល់ពីវប្បធម៌និងអរិយធម៌ខ្មែរយើងឱ្យពិភពលោកបានស្គាល់។
គួរបញ្ជាក់ថានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៤៥ នៃថ្ងៃជ័យជម្នះ៧មករា១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ ដែលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏ឃោរឃៅ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និងសន្តិភាព សម្រាប់ប្រជាជាតិទាំងមូល។ បើទោះបីជា ៧មករា ឆ្នាំ១៩៧៩ បានកន្លងផុតរយៈពេល៤៥ឆ្នាំ ក៏ដោយ ប្រជាពលរដ្ឋខ្មែរ ចងចាំជានិច្ច និងចារិកទុកក្នុងដួងចិត្តជាប់ជានិច្ច សូម្បីតែយុវជនជំនាន់ក្រោយក៏បានទទួលស្គាល់ និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ៧មករានេះផងដែរ៕ដោយ៖ម៉ាដេប៉ូ,រូប៖គ្រី សម្បត្តិ




