ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ទិវាជ័យជំនះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតលើកទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅស្រុកពាមរក៍ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសារទរ ខួបលើកទី៤៥ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២៤ ជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលអញ្ជើញមកពីស្រុកចំនួនបី មានស្រុកពាមរក៍ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ប្រកបដោយសុឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់របស់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សខេត្តស្រុក ក្រុមការងារចុះមូលដ្ឋាន ឃុំ ភូមិ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មដែលគណបក្សថ្នាក់លើប្រគល់ជូននាពេលកន្លងមក ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា យើងជួបជុំគ្នានាពេលនេះ គឺជាការជួបជុំបែបប្រពៃណី ដែលគណបក្សប្រជាជនកម្ពុជាតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអបអរសាទរទិវាជ័យជំនះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតលើកទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីបានជួបសំណេះសំណាលសួរសុខទុក្ខចំពោះ បងប្អូនអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងឱកាសនៃការចូលឆ្នាំសកល ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយពីលទ្ធផល សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក និងបានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ការត្រៀមរៀបចំ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខផងដែរ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner