ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនមិនត្រូវភ្លេចអ្វីដែលជាប្រវត្តិជូរចត់របស់ប្រជាជនខ្មែរនាសម័យរបប កម្ពុជាប្រជាធិបតេយ្យឡើយ
(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យុវជនទាំងអស់មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយទេ គេសង្ឃឹមជឿជាក់ថា នឹងមិនភ្លេចនូវអ្វី ជាប្រវត្តិជូរចត់របស់ប្រជាពលរដ្ឋកម្ពុជាដែលទទួលរងទណ្ឌកម្មយ៉ាងឃោឃៅ និងក៏ដូចជាការកាប់សម្លាប់ដែលគ្មានក្នុងប្រវត្តិសាស្រ្តពិភពលោកមួយនេះឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងពេលអញ្ចើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនយុទ្ធនារីដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២៤ ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា៖ ”មិនថាជំនាន់នេះទេគឺជំនាន់ក្រោយៗបន្តទៀតមិនសុំឱ្យគាត់(យុវជន) រស់ក្នុងអតីតកាលទេ តែកុំភ្លេចអ្វីដែលជាប្រវត្តិជូរចត់របស់ប្រជាជនខ្មែរព្រោះថា ប្រវត្តិនេះយើងអាចនិយាយបានថាពិភពលោកតែម្តងមិនមានប្រទេសណាដែលអាចទទួលរងទុក្ខវេទនាដូចរបបប្រល័យពូជសាសន៍និងការកាប់សម្លាប់មនុស្សជាតិដូចកម្ពុជានោះទេ។ពិភពលោកបានទទួលស្គាល់ និងការចងចាំ”។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា៖ អ្វីៗយើងមិនភ្លេចនៃការបាត់បង់ជីវិត និង សោកនាដកម្មនេះទេ ។ ថ្ងៃស្អែកនេះជាខួបលើកទី៤៥ ឆ្នាំ នៃថ្ងៃរំដោះ៧មករា ដែលប្រជាពលរដ្ឋបានរួចជីវិតឡើងមកវិញ គេហៅថាថ្ងៃកំណើតទី ២ ឬក៏ជាថ្ងៃជ័យជំនះ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ទោះបីយ៉ាងណាកត្តាធំបំផុតយើងចង់បញ្ជាក់ថា យុវជនជំនាន់ក្រោយទោះបីយើងបានឆ្លងកាត់ដំណាក់កាលលំបាកនៃសង្រ្គាមស៊ីវិល និងទទួលបាននូវសុខសន្តិភាព ។ យើងអបអរសាទរអ្វីដែលប្រទេសកម្ពុជាសម្រេចបាន និងបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែយើងក៏អត់បំភ្លេចបាននៃវិញ្ញាណក្ខន្ធប្រជាពលរដ្ឋយើងឡើយ”។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថាក្នុងឆ្នាំ២០២៣មានអ្នកទេសចរ១២ម៉ឺននាក់បានចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងនេះមានជនជាតិបរទេសប្រមាណជាង ៥០ភាគរយបានចូលទស្សនា ។ អញ្ចឹងយើងឃើញថាបរទេសនៅតែចងចាំអ្វីដែលជាសោកនាដកម្មបានកើតឡើងនៅកម្ពុជា។ពួកគេនឹកឃើញអ្វីដែលជាការបាត់បង់ជីវិត និងការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា។ អញ្ចឹងយើងជាជនជាតិខ្មែរត្រូវចងចាំអ្វីដែលជាប្រវត្តិសាស្រ្តរបស់យើង។

គួរបញ្ជាក់ថាក្នុងពិធីនេះមានប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការកាប់សម្លាប់ក្នុងរបកម្ពុជាប្រជាធិបតេយ្យ។ក្នុងពិធីនេះដែរគេក៏ឃើញមានការដង្ហែក្បួនដាក់កម្រងផ្កានៅខាងមុខខ្លោងទ្វារស្តូប ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីបង្សុកូល ពិធីថ្វាយគ្រឿងសក្ការៈ ពិធីនមស្កាសមាទានសីលផងដែរ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ជីម ភារ៉ា
