ប្រមុខការពារជាតិអាមេរិកចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ទាំងមិនដឹងមូលហេតុ
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះនិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចាប់តាំងពីដើមសប្ដាហ៍នេះមកម្ល៉េះ ប៉ុន្តែមិនបានប្រាប់ពីមូលហេតុទេ ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខ នឹងការកើនឡើងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា លោក អូស្ទីន បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យយោធា Walter Reed National Military Medical Center កាលពីល្ងាចថ្ងៃទី១ ខែមករា ដោយសារតែមានបញ្ហាបន្តិចបន្តួច ក្នុងដំណើរការព្យាបាល និងពិនិត្យសុខភាព។

ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីបញ្ហាសុខភាពរបស់លោក អូស្ទីន អំឡុងពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទេ។ ទោះបីជាយ៉ាងណា លោក Ryder បានបង្ហើបឱ្យដឹងថា លោក អូស្ទីន កំពុងជាសះស្បើយឡើងវិញហើយ ហើយត្រូវបានរំពឹងថា អាចនឹងត្រឡប់ទៅបំពេញការងារវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ។
បើតាមលោក Ryder អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks នឹងទទួលបន្ទុកកិច្ចការគ្រប់យ៉ាងជំនួសលោក ឡយដ៍ អូស្ទីន ក្នុងករណីចាំបាច់។ ដំណឹងចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់ប្រមុខការពារជាតិអាមេរិករូបនេះ កើតមានឡើងចំពេលមានភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ជាលទ្ធផលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា