សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ៥២នាក់ ក្នុងខេត្តកណ្តាល ម្នាក់ៗទទួលបាន ម៉ូតូ ១គ្រឿង និង មួកសុវត្ថិភាព ១
(ខេត្តកណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A មកពីក្រុងអរិយក្សត្រ ក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ នាថ្ងៃសៅរ៍ទី ៦ ខែមករា ឆ្នាំ២០២៤ ដែលពិធីនេះរៀបចំឡើង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថានៅក្នុងខេត្តកណ្ដាលមានបេក្ខជនប្រលងជាប់សរុប ៨១៦៧នាក់ បើប្រៀបធៀបឆ្នាំ២០២២ ច្រើនជាង ៦១៨នាក់ ក្នុងនោះនិទ្ទេស A ១៤៨នាក់ និទ្ទេស B ៦១១នាក់ និទ្ទេស C ១៦៥០នាក់ និទ្ទេស D ២៨៣៧នាក់ និទ្ទេស E ២៩២១នាក់ និងមានអ្នកប្រលងធ្លាក់ ២៥១២នាក់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានសម្តែងនូវការកោតសរសើរ និង ការអបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ក៏ដូចជាចូលរួមអបអរជាមួយឪពុក-ម្តាយ, អាណាព្យាបាល និង លោកគ្រូ- អ្នកគ្រូទាំងអស់ ដែលបានខិតខំបង្រៀន និង ជួយទំនុកបម្រុងដល់ក្មួយៗ រហូតទទួលបាន លទ្ធផលល្អដ៏ត្រចះត្រចង់ គួរជាទីមោទនៈ ក្នុងការសិក្សានាពេលកន្លងទៅ ។ ច្បាស់ណាស់ថា, លទ្ធផលដ៏ល្អនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់ក្មួយៗ គួបផ្សំជាមួយនឹងការ- ជួយជ្រោមជ្រែង ពីសំណាក់លោកគ្រូ-អ្នកគ្រូ និង ការឧបត្ថម្ភគាំទ្រ ពីសំណាក់អាណាព្យាបាល នីមួយៗ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានរម្លឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយសង្គ្រោះប្រទេសជាតិ និង អាយុជីវិត របស់ប្រជាជនកម្ពុជាយើង ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩, ដែលមានរយៈពេល ៤៥ឆ្នាំហើយ នៅថ្ងៃទី ៧ មករា ប្រជាជនកម្ពុជាទូទាំងប្រទេស នឹងចូលរួមអបអរសាទរ ពិធីប្រារព្ធខួបអនុស្សាវរីយ៍ទី ៤៥ នៃ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០២៤ ។

ដោយទទួលស្គាល់នូវគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសុខសន្តិភាពនៅកម្ពុជា, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល ទើបបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានដាក់ចេញ នូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យក អាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិទាំងមូល ។ ក្នុងបរិបទនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមជំរុញ និង លើកទឹកចិត្តក្មួយៗជាយុវជន ខិតខំសិក្សាស្វែងយល់ និង ប្រើ- ប្រាស់ចំណេះដឹង និង ជំនាញឌីជីថល ឱ្យបានទូលំទូលាយ ដើម្បីទាញយកអត្ថប្រយោជន៍ ជាច្រើនពីវិស័យឌីជីថល ដែលកំពុងរីកដុះដាលយ៉ាងរហ័ស ។
សូមបញ្ជាក់ថា សម្ភារដែលត្រូវផ្តល់ជូន សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A មកពី ក្រុងអរិយក្សត្រ ចំនួន ៥នាក់ ស្រុកខ្សាច់កណ្តាល ៥នាក់ ស្រុកល្វាឯម ២នាក់ ស្រុកកៀនស្វាយ ៨នាក់ និង ក្រុងតាខ្មៅ ៣២នាក់ សរុបចំនួន ៥២នាក់ ទទួលបានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ២០២៤ ម្នាក់ ១គ្រឿង និង មួកសុវត្ថិភាព ១ ៕
ប្រភព ៖ ព័ត៌មានខេត្តកណ្តាល