ចំនួនអ្នកស្លាប់កើនដល់ ៤នាក់ស្លាប់ និង២២នាក់របួស ក្រោយរថភ្លើងពីរខ្សែបុកគ្នានៅឥណ្ឌនេស៊ី
ហ្សារកាតា៖ ក្រុមមន្រ្តីនិយាយថា តួលេខអ្នកស្លាប់បានកើនឡើងដល់ ៤នាក់ និងយ៉ាងហោចណាស់ ២២នាក់រងរបួស នៅពេលដែលរថភ្លើងពីរខ្សែដឹកអ្នកដំណើររាប់រយនាក់ រត់បុកគ្នាពេញទំហឹង ក្នុងថ្ងៃសុក្រសប្តាហ៍នេះ នៅខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី។

បុគ្គលិកប្រតិបត្តិការតំណាងក្រុមហ៊ុនស្ថានីយផ្លូវដែកឈ្មោះ PT KAI ប្រចាំតំបន់កើតហេតុ បានបញ្ជាក់ថា រថភ្លើងទាំងពីរខ្សែ ក្នុងនោះរថភ្លើងមួយខ្សែផ្ទុកអ្នកដំណើរប្រមាណ ២៨៧នាក់ និងមួយខ្សែទៀតមានអ្នកដំណើរប្រមាណ ១៩១នាក់ បានរត់បុកគ្នាពេញទំហឹង នៅម៉ោងប្រមាណ ៦៖០៣នាទីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងCicalenka។

ជាមួយគ្នានេះ គេឃើញបំណែកខាងមុខរថភ្លើងទាំងពីរ ខ្ទេចខ្ទីគ្មានសល់ រីឯតួរថភ្លើងមួយផ្នែកធ្លាក់ចូលទៅវាលស្រែ ស្ថិតនៅខេត្តជ្វាខាងលិច។ ឧបទ្ទវហេតុនេះ មិនបណ្តាលឱ្យអ្នកដំណើរជិះលើរថភ្លើងទាំងពីរខ្សែសរុបជិត ៥០០នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែអ្នកស្លាប់ទាំង ៤នាក់ គឺជាបុគ្គលិកក្រុមការងាររថភ្លើង។ គិតមកទល់ពេលនេះ មូលហេតុដែលបង្កឱ្យរថភ្លើងទាំងពីរបុកគ្នា អាជ្ញាធរនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានដាក់ពង្រាយក្រុមការងារ ដើម្បីជួយដល់ប្រតិបត្តិការជម្លៀសអ្នកដំណើរ និងចូលរួមស៊ើបអង្កេត។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មិនមែនជារឿងចម្លែកទេនៅឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ សម្បូរដោយរថយន្តក្រុង រថភ្លើង យន្តហោះចាស់ៗ និងការថែទាំមិនល្អ។ ជាក់ស្តែង កាលពីខែវិច្ឆិកាឆ្នាំមុន ការប៉ះទង្គិចគ្នារវាងរថភ្លើង និងឡានក្រុង នៅទីក្រុងលូម៉ាជាំង ខេត្តជ្វាខាងកើត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើតាមមន្ត្រីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

