អត្រាគ្មានការងារធ្វើនៅកាណាដា រក្សាលំនឹងត្រឹម ៥.៨ភាគរយ ក្នុងខែធ្នូឆ្នាំមុន
អូតាវ៉ា៖ ទីភ្នាក់ងារស្ថិតិជាតិកាណាដា នៅថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា អត្រាគ្មានការងារធ្វើក្នុងប្រទេសកាណាដា នៅតែរក្សាលំនឹងដដែល ក្នុងចំនួន ៥.៨ភាគរយនៅខែធ្នូ ឆ្នាំ២០២៣ ខណៈដែលតួលេខនេះទាបជាងការរំពឹងទុករបស់អ្នកវិភាគ។

ទីភ្នាក់ងារស្ថិតិជាតិកាណាដាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អត្រាមានការងារធ្វើបានរក្សាលំនឹងក្នុងខែធ្នូឆ្នាំមុន បន្ទាប់ពី ផ្លាស់ប្តូរតិចតួចនៅក្នុងខែវិច្ឆិកា បូក០.១ភាគរយ និងខែតុលា បូក០.១ភាគរយ។ កាលពីខែមុន ពលរដ្ឋកាណាដាប្រហែល ១.២លាននាក់គ្មានការងារធ្វើ តួលេខនេះកើនឡើង ២០២,០០០នាក់ ស្មើនឹងបូក១៩.៣ភាគរយ បើធៀបនឹងនឹងឆ្នាំមុន។

ទីភ្នាក់ងារនេះនិយាយថា អត្រាមានការងារធ្វើមាននិន្នាការធ្លាក់ចុះនៅឆ្នាំ ២០២៣ ដោយសារកំណើនប្រជាជនជាទូទៅ មានកម្រិតខ្ពស់ជាងការកើនឡើងការងារ។ បើតាមទីភ្នាក់ងារនេះ ចំនួនប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង កើនឡើងចំនួន ៧៤,០០០នាក់នៅក្នុងខែធ្នូឆ្នាំមុន។ ចំណែកការងារក៏កើនឡើងផងដែរ ជាពិសេសនៅក្នុងផ្នែកសេវាកម្មវិជ្ជាជីវៈ, វិទ្យាសាស្រ្ត និងបច្ចេកទេសបូក៤៦,០០០នាក់ ហើយក្នុងវិស័យថែទាំសុខភាព និងជំនួយសង្គមបូក១៦,០០០នាក់។
ប៉ុន្តែវាបែរជាបានធ្លាក់ចុះ នៅក្នុងពាណិជ្ជកម្មលក់ដុំ និងរាយ ដក២១,០០០នាក់ និងការផលិត ដក១៨,០០០នាក់។ ស្ថិតិប្រទេសកាណាដាបានកត់សម្គាល់ទៀតថា អត្រាគ្មានការងារធ្វើជាទូទៅមាននិន្នាការកើនឡើងចាប់ពីខែមេសា ដល់ខែធ្នូ ជាពិសេស ក្នុងចំណោមពលរដ្ឋមានអាយុពី ១៥ ទៅ ២៤ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
