សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាស ឯកឧត្តម ម៉ៅ សុផាន់ ជាប្រធាន និង ឯកឧត្តមយស ផានីត្តា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ
(ព្រះវិហារ)៖ ក្នុងពិធីប្រកាស ឯកឧត្តម ម៉ៅ សុផាន់ ជាប្រធាន និង ឯកឧត្តម យស ផានីត្តា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាន៍លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នា ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។

ជ័យជម្នះដែល គណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យ នៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺ ជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះវិហារ ត្រូវអនុវត្ត គោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានជោគ ជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង ឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការ អនុវត្ត ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកា គណបក្សប្រជាជានកម្ពុជាខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន។

ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បានប្តេជ្ញាចិត្តគោរព អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តព្រះវិហារ ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រីជនបង្គោល ឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បីភាពជោគជ័យ របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕
ដោយ ថេត វិចិត្រ

