ក្រុមហ៊ុនវៀតណាម Vinfast បង្កើតរោងចក្រផលិតរថយន្តអគ្គិសនីដំបូងនៅឥណ្ឌា
ហាណូយ៖ ក្រុមហ៊ុន VinFast របស់វៀតណាមប្រកាសថា ខ្លួននឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីដំបូងក្នុងប្រទេសឥណ្ឌា ជាផ្នែកមួយនៃផែនការវិនិយោគក្នុងទំហំ ២ពាន់លានដុល្លារ ដើម្បីបង្កើនការវាយលុកទីផ្សារបន្ថែមទៀត។
ក្រុមហ៊ុនវៀតណាម VinFast នឹងបើករោងចក្រផលិតរថយន្តអគ្គិសនី (EV) របស់ខ្លួននៅប្រទេសឥណ្ឌាជាលើកដំបូង នៅទីក្រុង Thoothukudi រដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។
ជាមួយគ្នានេះ VinFast និងរដ្ឋ Tamil Nadu បានព្រមព្រៀងគ្នាឆ្ពោះទៅរកការវិនិយោគមួយ ទឹកប្រាក់រហូតដល់ ២ពាន់លានដុល្លារ រួមជាមួយការប្តេជ្ញាចិត្តថា ក្នុងរយៈពេល ៥ឆ្នាំដំបូងនៃគម្រោងនេះ នឹងបង្កើនទំហំទឹកប្រាក់រហូត ៥០០លានដុល្លារ។
ក្រុមហ៊ុន VinFast រំពឹងថា រោងចក្រនេះ នឹងវិវត្តទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលំដាប់ទីមួយនៅក្នុងតំបន់ ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ១៥០,០០០គ្រឿង។
គម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី រួមទាំងអាគុយនេះដែរ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤ ហើយនឹងអាចបង្កើតការងារពី ៣,០០០ ទៅ ៣,៥០០កន្លែងនៅក្នុងប្រទេសឥណ្ឌា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា