នៅថ្ងៃទី១៥ ខែមករា៖ តុលាការសាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមក្រុមលោក ថេង សាវឿន រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
សាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព មន្ត្រីផ្នែកសម្របសម្រួល សហគមន៍ នៃឮសមាគមសម្ព័ន្ធសហគមន៍ កសិករ កម្ពុជា និងលោក ថាន់ ហាច នៅថ្ងៃទី១៥ ខែមករា សប្តាហ៍ក្រោយ បន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះសួរដេញដោលអ្នកទាំងបី និងសាក្សីចំនួន១២រូបអស់រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការបានសម្រេចរក្សាបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឱ្យនៅដដែល ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ តែទោះជាយ៉ាងណាតំណាងអយ្យការក៏បានស្នើសុំអង្គជំនុំជម្រះឱ្យពិចារណាផងដែរទៅលើទោស និងស្នើឲ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំងបីផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង៣ អំឡុងពេលដាក់ឱ្យនៅក្រៅឃុំ គឺនិងស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញា ពួកគាត់បានអនុវត្តតាមវិធាន និងគោលការណ៍របស់អយ្យការបានយ៉ាងល្អប្រសើរ ហាក់មិនមានបញ្ហាណាមួយគួរឲ្យកត់សម្គាល់នោះឡើយ។
ក្រោយពីចៅក្រមជំនុំជម្រះពិភាក្សាគ្នា៥នាទីក្រោយមក ចៅក្រមជំនុំជម្រះសម្រេចប្រកាសសាលក្រមចំពោះអ្នកទាំងបី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា (CCFC) និងបក្ខពួក ចំនួន១៧នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួននៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសួរបំភ្លឺ។ ក្នុងចំណោម១៧នាក់ មានការសង្ស័យមនុស្ស៣នាក់ ដែលជាមេក្លោងទទួលខុសត្រូវរួមមាន៖ ១-ឈ្មោះ ថេង សាវឿន ភេទប្រុស ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC) ២-ឈ្មោះ ញិល ភាព មន្រ្តីសមាគម ៣-ឈ្មោះ ថាន់ ហាច មន្រ្តីសមាគម។
គួរបញ្ជាក់ថា មេខ្លោងបំផុសបដិវត្តន៍កសិករ៣នាក់ រួមមាន ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក២នាក់ទៀត ឈ្មោះ ថាន់ ហាច និង ញ៉ិល ភាព ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយមានការស្រាវជ្រាវ និងសួរចម្លើយពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ការអនុវត្តវិធានការច្បាប់ប្រឆាំងនឹង ថេង សាវឿន និងបក្ខពួកដោយសាតែពួកគេមានគោលដៅនយោបាយ និងមានចេតនាញុះញង់បំបះបំបោរកសិករ ឱ្យងើបបះបោរ បង្កចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព៕
ដោយ៖ពលជ័យ