ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់៖ តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា
ខេត្តកែប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានប្រសាសន៍ថា តំបន់ឆ្នេរ គឺជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា។ សមុទ្រកម្ពុជា មានធនធានជលផលដោយមិនទាន់រាប់បញ្ចូលធនធានឆ្នេរខ្សាច់សម្រាប់ទេសចរកំសាន្ត ដោយធនធាននេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ ។
ឯកឧត្តមថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប ដែលធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ត្រូវគិតអំពីចំណុចមួយចំនួនដូចជាប៉ូលសេដ្ឋកិច្ច ឆ្នេរជារួម និងឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍបែបណា និងត្រូវឯកភាពគ្នាជាទស្សនទានរួម ដោយត្រូវអនុវត្តទៅមុខមួយជំហានម្ដងៗ និងមិនត្រូវថយក្រោយឡើយ។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដូច្នេះទាំងអស់គ្នា ត្រូវគិតជារួមថាតើក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែប ដល់ខេត្តកោះកុង យើងត្រូវអភិវឌ្ឍអ្វីខ្លះស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីទាក់ទាញទេសចរណ៍។ ជាយុទ្ធសាស្ត្រត្រូវប្រមូលផ្ដុំនូវអ្វីដែលយើងមានជាមុនសិន ហើយចំពោះគម្រោងដាច់ដោយឡែកផ្សេងទៀតនឹងបន្តអនុវត្តនាពេលក្រោយ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់គិតគូរដាក់ចេញនូវគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈខេត្តកែប ដើម្បីទាក់ទាញទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តនៅតំបន់ឆ្នេរមួយនេះឱ្យកាន់តែច្រើនថែមទៀត សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះតាមរយៈវិស័យទេសចរណ៍។
ទន្ទឹមនេះ ឯកឧត្តមលើកទឹកចិត្តឱ្យស្ថាបត្យករ និងអ្នករៀបចំទីក្រុង គូរប្លង់នៅមុខសាលាខេត្តកែបឱ្យកាន់តែមានសោភណ្ឌភាពថែមទៀតដើម្បីទាក់ទាញទេសចរឱ្យបានច្រើន រួមគ្នាថែទាំឆ្នេរកុំឱ្យខូចខាត និងបានផ្ដល់ទស្សនៈទានក្នុងការស្ថាបនាផ្លូវសម្រាប់ថ្មើរជើង ឬផ្លូវជិះកង់ដែលអាចស្ថិតនៅជាប់ឆ្នេរពីខេត្តកែបទៅដល់ខេត្តកោះកុង ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរបានលំហែកំសាន្ត ឬធ្វើលំហាត់ប្រាណ ដើម្បីសុខភាព៕
ដោយ / គ្រី សម្បត្តិ