អ៊ីស្រាអែលចុះពិនិត្យរោងចក្រផលិតមីស៊ីលក្រុមហាម៉ាស

ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែលចុះពិនិត្យទីតាំងរោងចក្រផលិតមីស៊ីល គ្រាប់កាំភ្លើងត្បាល់ និងសព្វាវុធផ្សេងៗទៀតរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុង Bureij ស្ថិតនៅចំកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari និយាយថា យើងបានចូលទៅក្នុងរោងចក្រឧស្សាហកម្ម ដែលឥឡូវនេះ ដើរតួជារោងចក្រស៊ីម៉ងត៍ផង និងជាអគារផលិតអាវុធយ៉ាងសកម្មផង ក្នុងការផលិតគ្រាប់រ៉ុក្តែត និងគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ។ ដូចដែលអ្នកបានឃើញ ពួកវាគឺជាគ្រាប់រ៉ុក្កែតវាយប្រហារក្នុងចម្ងាយ ១០០គីឡូម៉ែត្រដែលកំពុងផលិតនៅទីនេះ ហើយបន្ទាប់មកត្រូវបានទម្លាក់ចុះក្រោមជាមួយនឹងជណ្តើរយន្ត ទៅកាន់ផ្លូវរូងក្រោមដីដ៏ធំមួយ ដែលបង្កើតឡើងជាពិសេសសម្រាប់ដាក់គ្រាប់រ៉ុក្កែតទាំងនោះ។ ការចុះពិនិត្យរោងចក្រផលិតសព្វាវុធរបស់ក្រុមហាម៉ាសនេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ប្ដេជ្ញាថា នឹងបន្តធ្វើសង្រ្គាមរហូតទាល់តែក្រុមហាម៉ាសត្រូវកម្ទេច បើទោះជាមានការអំពាវនាវពីអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ។ បើតាមក្រុមសុខាភិបាលក្នុងតំបន់ហ្គាហ្សា ការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២២,៧២២នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ អ៊ីស្រាអែលបានធ្វើសង្រ្គាមសងសឹកហាម៉ាស ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ក្រោយចលនាតស៊ូប៉ាឡេស្ទីនមួយនេះ វាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner