រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលសម្រេចបានក្នុងដើមនីតិកាលទី៧នេះ
ភ្នំពេញ៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាលនីតិកាលចាស់ប៉ុណ្ណោះទេ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រងចាត់ចែងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ គ.ជ.អ.ប. បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្តីណែនាំបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។ ឯកឧត្ដម ក៏បានបង្ហាញការកត់សម្គាល់ដែរ ថា នៅដើមនីតិកាលថ្មីនេះដូចគ្នា យន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ លើសេវាប្រមាណជាង៨០០ប្រភេទឱ្យកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាព ដោយទទួលបានអបអរសាទរនិងពេញចិត្តទាំងពីប្រជាពលរដ្ឋ ពីសង្គមស៊ីវិល និងពីបណ្ដាប្រទេសជាដៃគូ។
ឯកឧត្តមអភិសន្តិបណ្ឌិតប្រធាន គ.ជ.អ.ប. ក៏បានមានប្រសាសន៍អំពីការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប. និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល៤ខែ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ឯកឧត្ដមបានបន្តទៀតថា ការងារដូចបានបញ្ជាក់មកនេះ ក៏ទទួលការកត់សម្គាល់ និងកោតសសើរពីរដ្ឋសភាផងដែរ។ ឯកឧត្តមបានរម្លឹកជូនអង្គប្រជុំថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សមាជិករដ្ឋសភាជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យ គ.ជ.អ.ប. បន្តខិតខំប្រឹងប្រែងជំរុញ និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់នេះ ឱ្យបានកាន់តែមុតស្រួច ស៊ីជម្រៅ និងឱ្យមានប្រសិទ្ធបន្ថែមទៀត។
ក្នុងនាមប្រធាន គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើសុំឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.អ.ប. និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌ សមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក។
កិច្ចប្រជុំ គ.ជ.អ.ប នាថ្ងៃទី៩ ខែមករានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នថ្នាក់ជាតិ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ដោយមានរបៀបវារៈ ចំនួន៥ ក្នុងនោះក៏មានការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប. និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត ការអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងការផ្ទេរថវិកាសម្រាប់អនុវត្តមុខងារទាំង៥៥ ដែលបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមហាផ្ទៃ