ក្រុមហ៊ុនក្នុងស្រុកមួយមានគម្រោងនាំយកផលិតផលថែរក្សាសម្រស់ និងអាហារបំប៉នសុខភាពវាយលុកទីផ្សារក្រៅប្រទេស

ភ្នំពេញ៖ ដោយសារតែផលិតផលទាំងអស់ សុទ្ធសឹងតែមានស្តង់ដា និងគុណភាពខ្ពស់ ដូច្នេះសម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស រំពឹងខ្ពស់ថា ប្រេនផលិតផលក្នុងស្រុកនេះ នឹងគ្របដណ្តប់ទូទាំងរាជធានី-ខេត្ត ក៏ដូចជាវាយលុកទីផ្សារក្រៅប្រទេស មានដូចជាថៃ ចិន និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីលើកស្ទួយទាំងផលិតផលកូនខ្មែរ និងមុខមាត់ប្រទេសកម្ពុជា។

លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានថ្លែងបែបនេះ នាឱកាសដែលក្រុមហ៊ុនរបស់កូនខ្មែរមួយនេះ ប្រារព្ធខួបមួយឆ្នាំនៃការបើកដំណើរការ និងភាពជោគជ័យនៅលើទីផ្សារកម្ពុជា ព្រមទាំងការបង្ហាញវត្តមានទូតសុឆន្ទៈតំណាងផលិតផលរបស់ខ្លួន ដែលពិធីនេះធ្វើឡើងនៅផ្សាររាត្រី ៦០ម៉ែត្រម៉ល រាជធានីភ្នំពេញ។ លោកជំទាវ សុខ រស្មី បន្តថា សន្ទុះនៃការលក់របស់ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានកើនឡើងលើសពីការរំពឹងទុក ដោយសារតែផលិតផលរបស់ក្រុមហ៊ុនមានស្តង់ដាខ្ពស់ និងមានគុណភាពល្អ ទើបអតិថិជនមានទំនុកចិត្ត និងគាំទ្រជាវកើនឡើងពីមួយថ្ងៃទៅមួយ។

លោកជំទាវបន្ថែមថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសទូតសុឆន្ទៈតំណាងផលិតផលបន្ថែមទៀត ដោយសារតែមើលឃើញថា ទឹកចិត្តទូតសុឆន្ទៈថ្មី និងលោកជំទាវផ្ទាល់ដូចគ្នា នោះគឺការធ្វើសប្បុរសធម៌ មិនខ្លាចការនឿយហត់ និងហ៊ានលះបង់គ្រប់យ៉ាង ជាពិសេសក៏ជាអ្នកគាំទ្រ និងប្រើប្រាស់ផលិតផលស៊ីប៊ែល ប៉ារីសផងដែរ ដូច្នេះហើយទើបលោកជំទាវសម្រេចជ្រើសរើសតារាកម្លែងណុកណុក ធ្វើជាទូតសុឆន្ទៈ។ លោកជំទាវ សុខ រស្មី បានបញ្ជាក់ទៀតថា ក្រៅពីការស្វែងរកប្រាក់ចំណូល ក្រុមហ៊ុនស៊ីប៊ែល ប៉ារីស ក៏មានគម្រោងបន្តធ្វើសកម្មភាពសប្បុរសធម៌ ត្រឡប់ទៅជួយដល់សង្គមវិញបន្ថែមទៀតផងដែរ។

លោកជំទាវអគ្គនាយិកបានឱ្យដឹងទៀតថា ក្រៅពីការនាំចូល និងចែកចាយផលិតផលថែរក្សាសម្រស់ និងអាហារបំប៉នសារាយសមុទ្រ លោកជំទាវក៏បានបោះទុនបង្កើតផ្សាររាត្រីដ៏ធំមួយ មានទីតាំងនៅលើផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើតមុខរបរ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាផ្តល់ការកំសាន្តសប្បាយដល់ប្រជាពលរដ្ឋទូទៅផងដែរ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner