សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរគ្រាប់កែវភ្នែក (Video Inside)
សម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតក្នុងប្រទេសជប៉ុន ដើម្បីការប្តូរគ្រាប់កែវភ្នែក តាមបច្ចេកវិទ្យាខ្ពស់ របស់ក្រុមវេជ្ជបណ្ឌិត នៃប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី៩ មករា ឆ្នាំ២០២៤ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយផលិតកែវភ្នែកសប្បនិមិត្តចំនួន ៥គ្រាប់ទៀតជូនសម្តេច ដើម្បីប្រើប្រាស់ក្នុងរយៈពេល១០ឆ្នាំខាងមុខ»។
សម្តេចធ្លាប់បានថ្លែងថា មុនការប្រើប្រាស់គ្រាប់កែវភ្នែក ផលិតដោយបច្ចេកវិទ្យារបស់ជប៉ុននោះ, សម្តេចធ្លាប់បានប្រើប្រាស់កែវភ្នែកសិប្បនិម្មិតផ្សេង ក្នុងរយៈពេល ១៥ឆ្នាំរវាងពីឆ្នាំ១៩៧៥ ដល់១៩៩០ ប៉ុន្តែកែវភ្នែកសិប្បនិម្មិតនោះ ខុសពីកែវភ្នែកផលិតដោយបច្ចេកវិទ្យារបស់ជប៉ុន។
សម្តេចបានថ្លែងរយៈពេល ៣៤ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់កែវភ្នែកសិប្បនិម្មិត របស់រដ្ឋាភិបាលជប៉ុន «ពុំបង្កឱ្យសម្តេចឈឺភ្នែក ឬឈឺក្បាលនោះឡើយ» ដែលខុសពីកែវភ្នែកសិប្បនិម្មិតមុន ដែលតែងតែបង្កឱ្យសម្តេចឈឺភ្នែកនិងឈឺក្បាល។
សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ គឺ១ថ្ងៃមុន ពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេល នេះមានរយៈពេល៤៩ឆ្នាំមកហើយ។
សម្តេចតេជោបញ្ជាក់ថា «នេះជាលទ្ធផល នៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព»។ សម្តេចតេជោបានសរសេរសម្តែងក្តី អរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែករបស់សម្តេចរយះពេល៣៤ឆ្នាំកន្លងមកនេះ។