ឯកឧត្តម កើត រិទ្ធ ៖ ការប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ គឺជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា ការប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ ។
ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌មានចំនួន ៥១រូប ដែលមកពីអង្គភាពសារព័ត៌មានចំនួន ២៩ អង្គភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា ក្នុងការដឹកនាំយុទ្ធនាការទាំង២នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការនិងប្រកាន់ខ្ជាប់នូវអភិក្រមចំនួន២គឺ៖ ទី១ អភិក្រមដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការងារកែទម្រង់ និងទី២ អភិក្រមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការពង្រឹងអភិបាលកិច្ច។
គួរបញ្ជាក់ថា វិធានការគន្លឹះទី៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលត្រូវបានប្រកាសដាក់ចេញក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើកិច្ចការអាទិភាពសំខាន់ចំនួន ៣ គឺ៖(ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែល មានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន,(ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ឱ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន និង(ទី៣)-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយ ដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និង ភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា