ក្រសួងព័ត៌មានក្រើនរំលឹកពីការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងព័ត៌មានបានធ្វើការក្រើនរំលឹកពីការផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយនៅ ព្រះរាជាណាចក្រកម្ពុជា ដែលជាម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្តី ព្រឹត្តប័ត្រ អាហ្វីស ប៉ាណូ LED Screen សារព័ត៌មានតាមប្រព័ន្ធអនឡាញ និងក្រុមហ៊ុន ផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹងទាំងអស់ជ្រាបថា បច្ចុប្បន្ន ក្រសួងព័ត៌មាន បានសង្កេតឃើញមាន ការផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាង យ៉ាងច្រើនសន្ធឹកសន្ធាប់ និង បានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿង ស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បី ផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគត យុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។
មួយវិញទៀត ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួល ទានគ្រឿងស្រវឹងដោយខ្វះ ការទទួលខុសត្រូវដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាព ជាដើម។ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មខាងលើ ក្រសួងព័ត៌មាន សូមធ្វើការ ក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូន ដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានដូចតទៅ៖ ១- ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ពមសរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន ២- ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេង សេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិត លើកទឹកចិត្តហួសហេតុពេក ៣- ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ៤- រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ ទូរទស្សន៍ គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន «ពិសាគ្រឿងស្រវឹងសូម កុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ចំពោះស្តតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេល សមស្រប ដើម្បីរៀបចំធ្វើការផ្លាស់ប្ដូរ និងកែសម្រួលស្អាតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។
ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុន ផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិត ជូនដំណឹងនេះ ក្រសួងព័ត៌មាននឹង បញ្ឈប់ការផ្សាយស្អាតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕
ដោយ ៖ ង៉ាន់ ទិត្យ