ការប្រកួតកីឡាប៉េតង់ និងបាល់ទាត់ជាការរំលឹកអនុស្សាវរីយ៍ ជូរចត់ និង ផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ
ខេត្តកណ្តាល៖ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងថា ក្នុងពិធីបិទ ការប្រកួតកីឡា អបអរសាទរទិវាជ័យជម្នះ ៧ មករា កាលពី៩ម្សិលមិញថា ព្រឹត្តិការណ៍កីឡា ដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលរៀបចំឡើងមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៤ លើប្រភេទកីឡាចំនួន២ គឺ កីឡាប៉េតង់ និងបាល់ទាត់នេះ ជាការរំលឹកអនុស្សាវរីយ៍ ជូរចត់ និង ផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដើម្បី អបអរសាទរថ្ងៃជ័យជម្នះដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅឈាម និងទឹកភ្នែក និងដើម្បីបន្តផ្សព្វផ្សាយដល់យុវជន ជំនាន់ក្រោយ ដែលមិនបាន ឆ្លងកាត់របបវាលពិឃាតនេះ បានយល់ដឹងកាន់ តែច្បាស់នូវអនុស្សាវរីយ៍ដ៏ជូរចត់ដែលប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេច បាននូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍ របស់ពួក ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
លោកប្រធានមន្ទីរ បន្តថា អស់រយៈកាល ៤៥ ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រហូតដល់ ថ្ងៃ៧ មករា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជនកម្ពុជា ធ្វើឱ្យសម្រេចបានសមិទ្ធផលធំៗឥគណនា ជូនជាតិ មាតុភូមិ ដែលមានអត្ថន័យធំធេង បំផុតចំពោះការរស់ឡើងវិញប្រកបដោយ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៃប្រទេសជាតិយើង ក្រោមម្លប់ នៃសុខសន្តិភាព។ប្រជាជនកម្ពុជាបានចងចាំជានិច្ចថា “ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទីពីរ របស់ខ្លួន បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ក៏គ្មានថ្ងៃនេះដែរ” ។ ការប្រកួត នាពេលនេះបានឆ្លុះបញ្ជាំងឱ្យឃើញថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយុវជន យុវនារី យើង មានឱកាសបានចូលរួម និងលេងកីឡាដើម្បីទទួលបាននូវសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រុមមួយ ទៅក្រុមមួយ បង្កើតបាននូវភាពស្និទ្ធស្នាល ទៀតផង។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឲ្យដឹងថា ការប្រកួតនេះធ្វើឡើង ពីថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ មាន ក្រុមកីឡាប៉េតង់ ចំនួន ៤៦ក្រុម ស្មើនឹង ១៨៤នាក់ ស្រី ៣២នាក់ចែកចេញជា៣ផ្នែក រួមមានផ្នែកវ័យចាស់ ២៧ក្រុម ផ្នែកយុវជន១១ក្រុម និងផ្នែកនារី៨ក្រុម បានបិទបញ្ចប់នៅ ថ្ងៃ៧មករា។
ដោយឡែកបាល់ទាត់ដែលបិទបញ្ចប់នៅថ្ងៃទី៩ មករានេះ មានកីឡាបាល់ទាត់វ័យចាស់ចូលរួមចំនួន៥ក្រុម ជាលទ្ធផល ចំណាត់ថ្នាក់លេខ១បានទៅក្រុមវ័យចាស់មហាមិត្ត ចំណាត់លេខ២ បានទៅលើក្រុមវ័យចាស់ជ្រោយមេត្រី និង ក្រុមចំណាត់លេខ៣ បានទៅលើ វ័យចាស់ក្រុងតាខ្មៅ ៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ