ចេញពីពេទ្យភ្លាម! មេបក្សប្រឆាំងកូរ៉េខាងត្បូងដែលត្រូវគេចាក់ អំពាវនាវឲ្យបញ្ចប់ «នយោបាយដូចសង្គ្រាម»
សេអ៊ូល៖ មេដឹកនាំគណបក្សប្រឆាំង នៅប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ដែលថ្មីៗនេះ ត្រូវបានគេយកកាំបិតចាក់ចំកញ្ចឹងក នៅទីសាធារណៈ ហើយទើបតែចេញពីមន្ទីរពេទ្យ បានអំពាវនាវឲ្យបញ្ចប់ការធ្វើនយោបាយដូចធ្វើសង្គ្រាម។
បន្ទាប់ពីទទួលការព្យាបាល លោក Lee Jae-myung បានចាកចេញពីមន្ទីរពេទ្យ នៃសាកលវិទ្យាល័យជាតិ សេអ៊ូល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ភ្លាមៗ ក្រោយពេលចេញពីមន្ទីរពេទ្យ មេបក្សប្រឆាំងរូបនេះបានអំពាវនាវឱ្យបញ្ចប់ នូវអ្វីដែលលោកហៅថា «នយោបាយដូចសង្រ្គាម»។
លោកបាននិយាយថា «ខ្ញុំពិតជាសង្ឃឹមថា ឧប្បត្តិហេតុនេះធ្វើឱ្យយើងទាំងអស់គ្នា ភ្ញាក់ផ្អើល ហើយហេតុការណ៍នេះនឹងដើរតួជាចំណុចសំខាន់មួយ ក្នុងការបញ្ចប់នយោបាយនៃការស្អប់ខ្ពើម និងការប្រឈមមុខគ្នា ហើយស្ដារឡើងវិញនូវនយោបាយសមរម្យ ដែលយើងគោរពគ្នាទៅវិញទៅមក និងរួមរស់ជាមួយគ្នា»
ប្រធានគណបក្ស ប្រជាធិបតេយ្យ ហៅកាត់ DP រូបនេះមានប្រសាសន៍ថា «យើងគួរតែបញ្ចប់នយោបាយដូចសង្គ្រាម ដែលយើងត្រូវសម្លាប់ និងកម្ចាត់គូប្រជែង»។
លោក Lee ក៏បានថ្លែងអំណរគុណដល់ប៉ូលីស បុគ្គលិកពេទ្យ និងអ្នកសង្គ្រោះបឋម ដែលបានជួយព្យាបាលរូបលោក ទាំងនៅទីក្រុងប៊ូសាន និងសេអ៊ូល ហើយលោកថែមទាំងបានសន្យាថា នឹងលះបង់ជីវិតដែលនៅសល់របស់លោក ដើម្បីបម្រើប្រជាជន។
គួររម្លឹកថា ប្រធានគណបក្ស DP វ័យ ៦០ ឆ្នាំ រូបនេះ ត្រូវបានគេវាយប្រហារ អំឡុងពេលលោកធ្វើដំណើរ ទៅកាន់ទីក្រុងកំពង់ផែភាគអាគ្នេយ៍ នៃទីក្រុង Busan កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃឧក្រិដ្ឋកម្ម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត