ឱកាសការងារជិត ១០០ កន្លែង សម្រាប់យុវជន ជាមួយ ក្រុមហ៊ុនធំៗបី
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយនាំយកឱកាសការងារចំនួន ៩៩ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៣ ចូលរួម ទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង ។
ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន CBS (CTN, CNC, MYTV ក្រុមហ៊ុន MEKONGNET និងវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរក ការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា តាមរយៈកម្មវិធីជាច្រើនរបស់ NEA មានទាំងពិព័រណ៌ ការងារថ្នាក់ ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម MEKONGNET តែងតែង ចូលរួម និងគាំទ្រជានិច្ច។ កញ្ញា បន្តថា៖ «យើងបានចូលរួមក្នុងវេទិកាការងារ ជាមួយនឹង NEA ជាច្រើនលើក ជាក់ស្តែងយើងក៏ទទួលបានបុគ្គលិកជាច្រើន តាមរយៈវេទិកាទាំងនេះផងដែរ»។
កញ្ញាបញ្ជាក់បន្តថា ការសហការជាមួយនឹង NEA នេះផងដែរ ក៏គឺជាផ្នែកមួយ ក្នុងការជួយផ្តល់ឱកាសការងារ ដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។ ការចូល រួមជាមួយ NEA មិនត្រឹមតែជួយឱ្យយើងទទួលបានបេក្ខជនល្អៗប៉ុណ្ណោះទេ តែថែម ទាំងអាចជួយផ្សព្វផ្សាយពីសណ្ឋាគារយើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។
កញ្ញា សុខឡេង បញ្ជាក់បន្តទៀតថា ក្នុងវេទិកាការងារ និងកម្មសិក្សានៅថ្ងៃទី១១ ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកជាច្រើនរូប និងច្រើនមុខតំណែងផងដែរ ក្នុងនោះមានផ្នែកមួយចំនួនប្អូនៗដែលទើបសិក្សាឆ្នាំទី១ ក៏អាចដាក់ពាក្យ មកធ្វើ ការងារជាមួយ MEKONGNET ផងដែរ។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ ទង មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
ដោយ ៖ វណ្ណលុក












