គ្រូបង្រៀន និងមន្ត្រីចូលនិវត្តន៍ធ្វើបាតកម្មទាមទារដំឡើងប្រាក់ខែ នៅវ៉េណេស៊ុយអេឡា

ការ៉ាកាស៖ គ្រូបង្រៀន បុគ្គលិកសាធារណៈ និងអ្នកចូលនិវត្តន៍ នៅប្រទេសវេណេហ្ស៊ុយអេឡារាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្ម តវ៉ាទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរ។

ក្រុមបាតុករ ដែលរួមមានទាំងមន្ត្រីចូលនិវត្តន៍នៅឆ្នាំនេះផងដែរនោះ បានអះអាងថា ប្រាក់ចំណូលរបស់ពួកគេត្រូវបានបំផ្លាញ ដោយសារតែវិបត្តិនៅក្នុងប្រទេសនេះ។

ប្រធានសមាគមសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Central លោក Jose Gregorio Alfonso មានប្រសាសន៍ថា «យើងកំពុងរង់ចាំ និងទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សរ៍គោល និងប្រាក់ឈ្នួល»។

លោកបានបន្តថា «មិត្តភក្តិរបស់ខ្ញុំបាននិយាយក្នុងអំឡុងពេលបាតុកម្មថា គ្រូចាស់ៗ ចូលនិវត្តន៍ ដែលមានពុកចង្ការពណ៌ស អំឡុងពេលបុណ្យណូអែល ពួកគាត់បានក្លែងខ្លួន ធ្វើជាលោកតា សាន តាក្លូស ដើម្បីរកប្រាក់បន្ថែម ហើយខ្លះទៀត ត្រូវតែលក់អាហារ ទើបអាចរស់បាន»។

បាតុករម្នាក់ទៀត ដែលជាមន្ត្រីចូលនិវត្តន៍ ឈ្មោះថា Rosa Marcano បាននិយាយថា «យើងមិនអាចរស់នៅ ជាមួយនឹងប្រាក់ ៣ ដុល្លារ បានទេ … យើងកំពុងទាមទារឱ្យយើងបង្កើនប្រាក់ចំណូលរបស់យើង ដើម្បីឱ្យមានប្រាក់សោធននិវត្តន៍ សមរម្យ» ។

រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា របស់ប្រធានាធិបតី Nicolás Maduro បានដាក់ការស្តីបន្ទោសវិបត្តិនេះថា បណ្តាលមកពីទណ្ឌកម្មអន្តរជាតិ ដែលប៉ះពាល់ដល់ប្រាក់ចំណូលជាតិ ហើយប៉ះពាល់ដល់អត្ថប្រយោជន៍ការងារ។

ប្រទេសវ៉េណេហ្ស៊ុយអេឡា គឺជាប្រទេសដែលកំពុងជួបអតិផរណាខ្ពស់បំផុតមួយ នៅលើពិភពលោក។ នៅឆ្នាំ ២០២៣ បានឈានដល់ ១៩៣% នេះបើតាមការប៉ាន់ស្មាន ពីខាងវិស័យឯកជន។

សហជីពបានបញ្ជូនឯកសារ ទៅក្រសួងសាធារណៈ ទាមទារឱ្យគោរពសិទ្ធិធ្វើបាតុកម្ម និងសកម្មភាពរបស់មេដឹកនាំសហជីព។ មេដឹកនាំសហជីពដែលភាគច្រើនត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ «សមគំនិត»។

គួរបញ្ជាក់ថា បាតុកម្មមួយទៀតត្រូវបានគេគ្រោងថា នឹងធ្វើឡើង នៅថ្ងៃទី ១៥ ខែមករា ចំថ្ងៃ Maestro Day នៅប្រទេសវ៉េណេស៊ុយអេឡា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner