សាកលវិទ្យាល័យ Columbia បង្ហាញឆន្ទៈមុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា
(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃសាកលវិទ្យាល័យ Columbia បង្ហាញពី ឆន្ទៈដ៏មុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពល កកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ច ពណ៌បៃតងជាដើម ។ នេះបើតាមលទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។
ឆ្លៀតក្នុងឱកាស នៃដំណើរទស្សនកិច្ចក្រៅផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ ៤០០នាក់។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាខាងលើ ។
ជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា នឹងមានឱកាស បានសិក្សារៀនសូត្របន្ថែម និងបានពិភាក្សាដោយផ្ទាល់ ជាមួយលោកសាស្រ្តាចារ្យ ។
សម្តេចធិបតី បានជូនពរលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និង ផ្លែផ្កា និង ធ្វើដំណើរមាតុភូមិនិវត្តន៍ដោយសុខសុវត្ថិភាព ៕



អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ